នារី​ក្នុង​យុគ​សម័យថ្មី​

ទំនោរចិត្ត និងទំនៀម​ទំលាប់​ចាស់ៗ​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់ប្តូរ រឺ​លុបបំបាត់​ចោល​បន្ទាប់ពី​ពិភព​លោក និង​មនុស្ស​បាន​ដើរ​មកដល់​សម័យ​កាល​ម...

[] បើក​ចិត្ត​របស់​អ្នក​នៅ​ថ្ងៃ​នេះ​ : វី​គី​ស្នេហ៌​(Wiki Sneh)​ គឺ​ជា​ទី​ប្រឹក្សា​យោប​ល់​របស់​លោក​អ្នក​..

Friday, February 2, 2018

មេរៀន​សម្រាប់​កសាង​អាគារ​គ្រួសារ​មួយ​


គ្រួសារគឺជាដើមឈើមួយ​ដែលមាន​ស្លឹក​ច្រើន ពេល​មានខ្យល់តែបន្តិច​បន្តួច ស្លឹកឈើ​នោះ​នឹង​បោក​បក់​ប៉ះ​ទង្គិកគ្នា​បង្កើត​ជា​ស្នូរ​ឆាវ លាន់​ឥតដាច់។ សំលេង​ស្លឹក​ឈើ​នោះ​ ពេល​ខ្លះ​ក៏​ពីរោះ​ ពេល​ខ្លះ​ក៏​មិន​ពីរោះ អាស្រ័យ​ហើយ​តែ​នឹង​កំលាំង​ខ្យល់​ខ្លាំង​រឺតិច​។ បើសិន​ជាអ្នក​នៅ​មិន​ទាន់​អាចទទួល​យក​សំលេង​ទាំងអស់នេះ​ទេ អ្នក​នឹង​មិន​ទាន់​អាច​បង្កើត​គ្រួសារ​ផ្ទាល់​ខ្លួន​បាន​ទេ​ ហេតុ​នេះ​ទើប​ខ្ញុំ​ចង់​អោយ​អ្នក​យល់​ប៉ុន្មាន​ចំនុច​ខាងក្រោម​ នៅ​មុន​ពេល​ដែល​អ្នក​ចាប់​ផ្តើម​បង្កើត​គ្រួសារ​ ហើយ​ជា​គ្រួសារ​ដ៏​សុខ​សាន្ត​មួយ​។



សំលេងក្តុងក្តាំង សំលេងក្មេងស្រែក សំលេងរអ៊ូរទាំរបស់មនុស្សចាស់ សំលេង​អ្នកផងទាំងឡាយ​នៅជិតខាង​ គឺជា​សម្រស់របស់គ្រួសារ។ នៅគ្រា​ដែល​គ្រួសារ​បាត់បង់សំលេង​ទាំង​នេះ​ហើយ គ្រួសារ​នោះ​ហាក់​ដូចជា​​ព្រៃ​ធំ​ដែល​គ្មាន​សត្វ​ទុំ​នៅអាស្រ័យ​ វាក្លាយ​ជា​មាន​សភាព​សោះ​កក្រោះ​អស់ន័យ លែង​ចង់​រស់នៅ​ទៀត​ ចឹង​ហើយ​តើ​អ្នក​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​សម្រាប់​វាហើយរឺនៅ?

រឿងរ៉ាវ​ដែលអ្នក​ត្រូវ​គិត រឺសួរខ្លួនឯង ​មុន​ពេល​អ្នកចាប់​ផ្តើម​កសាង​គ្រួសារ​មួយ​ដោយ​ខ្លួនឯង៖

  • តើអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់​វង្សត្រកូលទាំងពីរហើយរឺនៅ?
  • តើអ្នកត្រៀមខ្លួនទទួល​យកបញ្ហា​ជាច្រើន​ដែល​ជះមក​ពី​ប្រភពទាំងពីរហើយរឺនៅ?
  • តើអ្នកអាចទ្រាំបានកម្រិតណា ចំពោះទម្លាប់អាក្រក់ រឺភាពឆ្គាំឆ្គងរបស់​សាច់ថ្លៃ​របស់​អ្នក​?
៣សំនួរខាងលើនេះ មិន​សំដៅ​ចំពោះ​អត្តចរិត​បុគ្គល​របស់ដៃគូអ្នក​នោះទេ ព្រោះ​អ្នកទំនង​ជា​បាន​​យល់​ព្រមលះបង់ និងទទួល​យក​គ្រប់ចំនុច​របស់​ដៃគូរួចហើយ ទើប​អ្នកសម្រេច​ចិត្ត​កសាង​គ្រួសារ​មួយ​នេះ​។

ប៉ុន្តែបើសិនជាអ្នកឈរ​លើទស្សនៈ​សាមញ្ញ​មួយ​ គឺថា ជួបបញ្ហាដោះស្រាយបញ្ហា ចំពោះគ្រួសារ អ្នក​គឺ​មិន​ខុស​ពី​មនុស្ស​ជាច្រើន​ឯទៀត​ដែល​កំពុង​តែ​ធ្វើរឿងនេះ​នោះទេ។ អ្នក​ចង់​ធ្វើ​រឿង​នេះ រឺចង់ដើ​រ​លើ​ផ្លូវ​នេះ «ជួបបញ្ហាដោះស្រាយបញ្ហា» គឺទាមទារអោយ​អ្នក​ជា​មនុស្ស​ដែល​មានថាម​ពល ឥទ្ធិលពល និងរេពល ខ្លាំងខ្លា ទើប​អាច​ទប់ទល់ឈ្នះ​ បើមិនដូច្នេះ​ទេ អ្នក​អាច​នឹង​ប្រឈម​និង​លទ្ធផល​មួយ​ចំនួន ដែល​មនុស្ស​ជាច្រើន​បាន​ជួប​កន្លង​មក​ដូចគ្នា ដូចជា ការ​បែក​បាក់​សម្ព័ន្ធភាព​ប្តីប្រពន្ធ ការ​ច្រណែន​និន្ទា ពីសាច់ញាតិទាំងសងខាង ជាដើម..។ ជាការពិត បើសិន​ជាអ្នក​អាច​ប្រឈម​នឹងបញ្ហា​ ហើយដោះស្រាយបញ្ហា ដូច​បាន​រៀបរាប់​មកនេះ អ្នក​ត្រូវ​តែ​មានគ្រិះ​នៃសេចក្តីស្នេហារឹងម៉ាំ​ ដែល​មិន​អាច​មានអ្នកណា​បំបែក​បាន​ ព្រោះថា សេចក្តីស្នេហា គឺជាគ្រិះ​របស់​អាពាហ៌ពិពាហ៌ រឺ​គ្រួសារ ប្រសិន​បើ​គ្រីះ​នេះមិនរឹងម៉ាំទេ សួរថា តើ​អោយ​អាគារដ៏ធំគឺជីវិតអាពាហ៌ពិពាហ៌គង់​បានយូរទេ? 

ជាការពិត នៅពេលដែល​កំលាំងស្នេហា​បានថយចុះ​ ចំណងជាច្រើនក៏បានកើត​ឡើង​មក​ចង​អ្នក​ទាំងពីរ​អោយជាប់​មិនអាច​គេច​ចេញបាន​។ ក្នុងនោះ​ចំណង​៥ប្រការ​ មានចំណងកូន.. ចំណងទ្រព្យ.. ជាដើម​ នឹង​មក​ធ្វើជាគ្រិះ​នៃទំនាក់ទំនងជំនួសវិញ។

ហេតុផលបែកបាក់ជាច្រើន​ ពីព្រោះតែកំលាំងស្នេហា​បានធ្លាក់ចុះ​ដល់​កម្រិត​ដែល​មិ​ន​អាច​ស្រោចស្រង់​បាន ខណៈ​កំលាំងនៃ​ចំណង​អាពាហ៌ពិពាហ៌​ហាក់មិន​បាន​ផ្តល់​អត្ថប្រយោជន៌ច្រើន​។ ទាំង​នេះ​កើត​ឡើង​ពីទង្វើរ​ខ្វះ​ភាព​ទទួលខុសត្រូវ​របស់​មនុស្ស​ដែល​ជួន​កាល​មក​ពី​ស្ថានភាព​សង្គម និង​ស្ថានភាព​គាបសង្កត់​ និង​កំលាំង​ឈ្នានីស​ និង​ការ​ចុះ​ខ្សោយ​នៃ​កំលាំងតស៊ូ ពីព្រោះ​ឥទ្ធិពលនៃ​ស្នេហា​បាន​ធ្លាក់ចុះ​អស់​។ ផ្ទុយមកវិញ បើសិនជា​កំលាំង​ស្នេហា​នៅមានថាមពល​ខ្លាំង ទោះ​ហេតុ​ផល​នៃ​ស្ថានភាព​សង្គម ស្ថានភាពគ្រួសារ និង​កំលាំងឈ្នានីស​ខ្លាំងប៉ុណ្ណា​ក៏​មិន​អាច​ធ្វើ​អោយ​អ្នកទាំងពីរ​ដើ​រ​ដល់​ផ្លូវ​វបែកបាក់​ដែរ​ ព្រោះ​គេ​បាន​កំពុង​គ្រប់គ្រង​ដោយ​ឥទ្ធិពល​នៃ​អាទិទេព​របស់​ពួកគេគឺ ស្នេហា។

រឿងធំមួយទៀត​គឺ គ្រប់មនុស្ស​ទាំងអស់ នៅ​ក្រោយ​ពេល​ចាប់ដៃគ្នា​ជាប្តីប្រពន្ធ រឺ​ជា​គូ​រួម​ជីវិត​ សេចក្តី​ប្រាថ្នា​ធំបំផុត​របស់​គឺ​ សុខ​សុភមង្គល​ ពី​ព្រោះ​បើទោះជា​អ្នក​មានទ្រព្យសម្បត្តិប៉ុណ្នា មានអំណាច​ខ្លាំងប៉ុណ្ណា មាន​លក្ខខ័ណ្ឌរស់នៅល្អប៉ុណ្ណា​ក៏ដោយ អ្នក​ទំនង​ជា​បាន​យល់​ច្បាស់បំផុត​ថា សុភមង្គល​មាន​តំលៃ​លើស​ពីរបស់ទាំងនោះទៅទៀត តើ​មាន​ទេ?

តើ​សុភមង្គល​គឺជា​អ្វី​?
ជាការពិត «សុភមង្គល​» មិនមែនជា​វត្ថុ​ ដែលអាច​ចាប់​យក​បាន​ ព្រោះ​វាគឺជា​អារម្មណ៌​ រឺជា​សញ្ចេតញ្ញាណ​ដែល​កើត​ឡើង​ក្នុង​ចិត្ត​បុគ្គល​ម្នាក់​ៗ។ វាគ្រាន់​តែជា​ជាតារម្មណ៌​​ ដែល​អាចជំរុញ​ស​ភាវៈ​អោយ​អាច​ទទួល​យក​រឿងរ៉ាវ​ផ្សេងៗ​តាមរយៈ​ឥន្ទ្រីយ៌​តែប៉ុណ្ណោះ​។

បើវែកញែក​ពាក្យ​ «សុភមង្គល​» គឺ​វា​មកពីពាក្យ​ផ្សំពីរគឺ «សុភៈ» + «មង្គល» ជា​ពាក្យ​បាលីសំស្រ្តឹត​។ «សុភៈ» មាន​ន័យ​ថា​ «ល្អ​, ភាព​ប្រសើរ​» ឯពាក្យ «មង្គល» មានន័យថា «ភាពរុងរឿង​, ភាព​មិន​មាន​មន្ទិល​»។ បូក​បញ្ចូលពាក្យ​ទាំងពីរ​បានជា «សុភមង្គល» មានន័យថា «ភាពសុខសាន្ត​រុងរឿង ដ៏​ល្អ​ប្រសើរ»។

តាមការ​យល់ឃើញដោយ​ឡែក សុភមង្គល ដូចជា​បាន​កើត​ឡើង​តាមរយៈ វត្ថុ​ខាងក្រៅ​ដូចជា ទ្រព្យ​សម្បត្តិ អំណាចបុណ្យសក្តិ​ ជាដើម​ រហូត​ធ្វើអោយ​មនុស្ស​មួយចំនួន​យល់​ថា មាន​អំណាច មានទ្រព្យសម្បត្តិ​ គឺមានអ្វីៗ​ទាំងអស់ ហើយ​អ្វី​ៗ​ទាំងអស់​នោះ ហៅថា សុភមង្គល​។ ប៉ុន្តែ​សូមសួរ​ត្រឡប់​ទៅវិញថា តើ​ពួក​អ្នក​មានអំណាច ប្រាជ្ញ បុណ្យសក្តិ​ ទាំងនោះ មិនចេះ​មាន​ភាពរកាំរកូស មិនចេះ​មាន​កង្វល់​ទេមែនទេ?​ ជាការពិត ពួកគេអាចជា​ប្រភេទ​មនុស្ស​ដែល​មាន​សេចក្តីសុខ​ ព្រោះ​មានទ្រព្យ​ (បើមិនជាប់បំណុល), មានសេចក្តីសុខ​ព្រោះ​​ស្ថានភាព (បើមិនមានជំងឺ​) ប៉ុន្តែ​វា​នៅតែ​មិន​ស្ថិត​ក្នុងលក្ខណៈសម្បត្តិនៃសុភមង្គល​ដដែល​។ នៅពេល​ដែលគេ​ចង់​បានពេលវេលាដ៏ផ្អែមល្ហែម កក់ក្តៅ ស្ងប់សុខ ពីដៃគូរបស់​គេ តែវា​បែជា​មិនបាន រឺបាន​មកដោយសារតែការ​ចាយលុយ តើ​នោះហៅថា​សេចក្តីសុខ​សុភមង្គលដែរទេ? នៅទីបំផុត​ពពួកឧត្តមជន​ទាំងនោះ​ នៅតែ​ត្រូវស្វែងរក​អារម្មណ៌ទាំងនោះ​ដោយ​មិន​ត្រូវ​ការ​អំណាច បុណ្យសក្តិ រឺទ្រព្យសម្បត្តិ​អ្វីទាំងអស់​។

តាម​អត្ថបទ​ខ្លឹមសារនៃសេចក្តីសុខ​ដែលបានចុះ​ផ្សាយ​ដោយ​ ព្រះពុទ្ធ​សាសនា ៥០០០ បាន​បកស្រាយថា សេចក្តីសុខមាន ២ ប្រភេទ៖

  1. សេចក្តីសុខប្រភេទទី១ គឺជា​សេចក្តី​សុខជាប់​ដោយ វត្ថុបម្រុងបម្រើខាងក្រៅ អាស្រ័យវត្ថុនោះៗមកជួយ ។ វត្ថុខាងក្រៅ​នោះមានច្រើន លោកហៅថា អាមិស រ​ហូតដល់​មនុស្ស​ដែលនៅ​ជុំវិញ​ទាំងអស់ ។ បើមិនមាននូវ របស់ទាំង​អស់នេះទេ ក៏មាន​សេចក្តីដឹងខ្លួន​ថាខ្វះខាត ហើយក៏កើតទុក្ខ ។ សុខទុក្ខរបស់​មនុស្សយើងបែបនេះ ផ្ញើទុកនឹង​របស់ខាងក្រៅ គឺយើងមិន​អាចរស់​នៅជាសុខ ទៅបាន បើមិនមាននូវរបស់ទាំងអស់នេះទេ ។ សេចក្តី សុខនេះ​មិនបានមាំ​ទាំយឺនយូរឡើយ ព្រោះដោយសារវា ជាប់​ជាមួយ​នឹង​របស់​ខាងក្រៅហ្នឹង​ឯង ។ គួរសង្កេត​ឱ្យ ឃើញថា នៅពេលខឹងក្តី ភ័យ​តក់​ស្លុតក្តី ទោមនស្សអាក់អន់ចិត្តក្តី ក្តៅក្រហាយស្តាយក្រោយក្តី និងអ្វីផ្សេង​ៗ​ទៀត ដែលមានលក្ខណៈមិនសប្បាយចិត្ត នៅពេលឃើញ ពេល ឮ ជា​ដើម នេះ​គឺជាការបញ្ជាក់ដល់សភាពដែលមិនមាននូវ ខ្លឹមសារនៃ​សេចក្តី​សុខ បណ្តោយ​ឱ្យអស់នូវសេចក្តីសុខ រលីងអំពីចិត្តសន្តាន ដូច្នេះទើប​ពុទ្ធបរិស័ទ​ត្រូវព្យាយាម កំណត់​ដឹងនូវសេចក្តីពិតក្នុងពេ​លនោះៗ ត្រូវឱ្យ​កើតមាន នូវ​សេចក្តីសុខ​ប្រភេទទី ២ ។
  2. សេចក្តីសុខប្រភេទទី២ គឺសេចក្តី​សុខដែលកើត ក្នុងចិត្ត​របស់ខ្លួនឯង នៅដក់ក្នុងចិត្ត​ជាប្រចាំ ដោយមិន បានអាស្រ័យ​របស់ខាងក្រៅ ដូចជា​លាភ​សក្ការៈ កិត្តិយស កេរ្តិឈ្មោះ ការគោរពរាប់អាន និងពាក្យ​សរសើរ​ជាដើម ឡើយ ។ 

សរុបមក​ ការ​មានសេចក្តីសុខ​ផ្លូវ​មួយ​ដែល​អាចបង្កើន​បាននូវ​ សុភមង្គល ក្នុងឆាកជីវិត​​ ដូច្នេះ​មនុស្ស​នឹង​មិនមាន​សុភមង្គលបើ​មិនមាន​ទ្រព្យ តែបើ​មនុស្ស​ឈានដល់​ការ​លះបង់​ទ្រព្យ​ លះបង់​ការចង់បាន ការ​លោភលន់ ការ​ច្រណែន ការ​ឈ្នានីស​ ពេលនោះ មនុស្ស​នឹងរកឃើញ​សុភមង្គល​ ក្នុង​កម្រិត​ខ្ពស់​មួយ​ (បរមសុខ)។ 

ប៉ុន្តែនៅ​ទីនេះ ខ្ញុំ​ចង់​និយាយផ្តោត​ទៅ​លើ​ ការ​ទាមទារ​យក សុភមង្គល របស់​បុថុជ្ជន (ជន​សាមញ្ញ) ដែល​គេ​គ្រប់​គ្នា​នោះ យល់ដឹង ក្នុងកម្រិត​មួយថា សុភមង្គល គឺកើតឡើង​ពី​កត្តា​ទំនាក់ទំនង​ស្នេហា និង​កត្តា​ផល​ប្រយោជន៌​ផ្នែក​សេដ្ឋ​កិច្ច​។ ដោយពឹង​ផ្អែក​លើ​កត្តា​ទាំងពីរនេះ មនុស្ស​អាច​ស្វែងរក​សុខ​សុភមង្គល​ក្នុងកម្រិត​​មួយ​ដោយ​ងាយស្រួលបំផុត​ បើសិនជា​មនុស្ស​អាច​កំណត់​ការ​ចង់​បាន​របស់​ខ្លួន​បាន​ច្បាស់លាស់​។

១.​ កត្តាទំនាក់ទំនងស្នេហា​..៖ មនុស្ស​អាចប្រើប្រាស់​ទំនាក់ទំនងស្នេហា ដើម្បី​ត្រួសត្រាយ​ផ្លូវជីវិតរបស់គេ​អោយដល់​គោលដៅ​សុភមង្គលពិតប្រាកដ​។ បុគ្គល​ពីរនាក់ នឹង​ត្រូវ​ធ្វើដំណើរ​លើ​ផ្លូវ​នោះ​ តែបុគ្គល​ទាំងពីរ​ត្រូវ​មាន​...៖

  1. ចំណេះដឹង​ប្រហាក់​ប្រហែល​គ្នា (សមសីលា រឺ សមបញ្ញា)
  1. ជំនឿ ​ប្រហាក់ប្រហែលគ្នា (សមសទ្ធា)
  1. ការ​លះបង់ និង​ទទួល​ប្រហាក់ប្រហែល​គ្នា (សមចាគា)
  1. ការមានជីវិត​ (វង្សត្រកូល) ប្រហាក់ប្រហែល​គ្នា (សមជីវិតា)

បុគ្គល​ពីរនាក់ កាល​ចាប់ដៃគ្នា​ដើរលើផ្លូវរួម​មួយ ហើយ​ប្រកប​ដោយអង្គ​ទាំង​៤ខាង​លើ គេ​នឹង​អាច​ពុះពារ​រួមគ្នា​ដោយ​ភាព​យោគយល់​ (ចេះស្តាប់គ្នា) និង​ការ​អត់អោន (កែតម្រូវ​បើមានកំហុស)​។ 

ផ្សេង​ពីនេះ ការ​លះបង់ (Given) និង​ការ​​ព្រម​ទទួល​យក (Accepted) គឺជា​ចំណុចសំខាន់បំផុត​ សម្រាប់​ការ​រស់នៅ​ជាមួយគ្នា​។ អ្នកទាំងពីរ​ត្រូវ​ចោទសួរ​ខ្លួនឯងថា តើ​យើង​គួរ​លះបង់​អ្វីខ្លះ​ដើម្បី​គេ ហើយ​តើ​យើង​ព្រមទទួលយកអ្វីខ្លះពីគេ​។

ឧទាហរណ៌ងាយយល់បំផុត​គឺ ពេលដេក​ជាមួយ​គ្នា តើ​អ្នក​អាចទ្រាំ​និង​ការដេកស្រមុក​របស់​គេ​បានទេ? ពេលញ៉ាំ​អាហារ តើ​អ្នក​អាច​ទ្រាំ​និង​ភាព​ស្មោគគ្រោក​របស់គេ​បាន​ទេ​? ពេលរួមភេទ តើ​អ្នក​អាច​ទ្រាំ​ និងក្លិន​ រឺ​ភាព​កំរោលចូល​របស់​គេ​បាន​ទេ? 

អាគាររ៉ឹងម៉ាំ​ គឺ​ត្រូវ​មានគ្រិះ​រ៉ឹងម៉ាំ ដើម​ឈើ​ដែល​អាច​លូតលាស់ធំ ខ្ពស ក៏​ត្រូវ​មាន​ឫស​កែវ​ធំ ចាក់ជ្រៅ​ទៅ​ក្នុងដី...​ ឯ​អាពាហ៌ពិពាហ៌​ដែល​មានន័យ​ជា​អមតៈ​ក៏ទាមទារ​អោយ​មាន​គ្រីះ គឺស្នេហា និង​ទំនាក់ទំនង អោយ​បាន​រ៉ឹងម៉ាំ​ដែរ.. (ច្រឹង សម្បត្តិ)

២. កត្តា​ផលប្រយោជន៌​ផ្នែកសេដ្ឋកិច្ច..៖ ជាការពិត ការទំនាក់ទំនង​គ្នា​ក្នុង​ផ្លូវស្នេហា បើទោះជា​វា​គ្រាន់តែជា​អារម្មណ៌​ជក់ចិត្ត​មួយ តែវាក៏ទាម​ទារ​នូវ​ភាព​ផ្អែម​ល្ហែម ដែល​កើត​បានដោយសារ​តែ​ការ​ប្រើប្រាស់ធនធានដែរ​ ដូច្នេះតិចរឺច្រើន ពេល​ជួបគ្នាដំបូង មនុស្ស​ច្បាស់ណាស់ថា នឹងសំលឹង​មើល​ស្ថានភាព​សេដ្ឋកិច្ច​រវាងគ្នា​និង​គ្នា​មិនខាន​។ ចំនុចរួមដែល​មនុស្ស​អាច​ស្វែងរកសុខសុភមង្គល​ក្នុង​ផ្លូវនេះ​បាន​គឺ​ផ្អែក​លើ​កត្តា​២យ៉ាងគឺ..៖

  1. កត្តាវេទនា​..៖ វាសំខាន់​ណាស់ ព្រោះមនុស្ស​ម្នាក់​ៗ​តែង​មានឧត្តមគតិ និង​គោលដៅជីវិត​របស់​គេ​។ ជួន​កាល​គោលដៅជីវិត​របស់​អ្នក អាច​ជាគោលដៅជីវិត​របស់​ដៃគូ​អ្នកដែរ​ ដូចនេះ​ទោះមានក្តី មិនមានក្តី ទ្រព្យសម្បត្តិ​គ្រាន់តែជា​របស់ក្រៅខ្លួន​ប៉ុណ្ណោះ​ ព្រោះ​អ្នក​ទាំងពីរ​អាច​នឹង​ខិតខំប្រឹងប្រែង​ដើម្បី​គោលដៅតែមួយ ឧត្តមគតិ​តែមួយ​។
  2. កត្តាផលប្រយោជន៌..៖ ទ្រព្យ​សម្បត្តិ ជួនកាលធ្វើអោយ​អ្នក​ភ្លេច​ដល់​ឧត្តមគតិ។ អ្នក​អាច​នឹង​យល់ព្រម​បំភ្លេច​គោលដៅជីវិតចាស់​ដែល​អ្នក​មិនរំពឹងថា​នឹង​មកដល់​​ ហើយចាប់​យក​ទ្រព្យសម្បត្តិ​ដើម្បី​បង្កើត​គោលដៅជីវិតថ្មី​ ដែល​យល់ថា​វាងាយជាង​ ប៉ុន្តែ​ធាតុពិត​អ្នក​នៅតែ​យល់​ព្រម​លើ​កត្តាវេទនា​របស់​អ្នក ព្រោះ​នៅទីបំផុត​អ្នក​នៅ​តែ​ពុះពារ​ដើម្បី​គោលដៅដដែល​។​

ជារួមទៅ​​ សុភមង្គល មិនមែនអ្នកណាៗ​ក៏អាច​រកវា​មកបាននោះទេ ទោះជា​វា​តែងស្ថិត​នៅ​ក្នុង​ព្រលឹង​របស់​មនុស្ស​គ្រប់រូបក៏ដោយ ព្រោះការ​ស្វែងរក​សុខសុភមង្គល វាទាមទារ​អោយបុគ្គល​ធ្វើ​វា​ដោយ​អំណត់ និងតាមលំដាប់លំដោយ ហើយ​ធ្វើ​នៅ​ក្នុង​ផ្លូវ​ដ៏ត្រឹមត្រូវ​ទៀត​ផង​។

បុគ្គលមួយចំនួន​យល់​ឃើញថា ការកសាង​សុភមង្គល​គ្រួសារ និងការរក្សា​ជីវិត​អាពាហ៌ពិពាហ៌ គឺពិត​ជា​មិនងាយស្រួល​នោះទេ ប៉ុន្តែខ្ញុំសូម​បកស្រាយថា នៅពេលដែល​អ្នក​គិត​ថា ជីវិតអាពាហ៌ពិពាហ៌​មិន​ងាយស្រួល​ក្នុងការរក្សា ពីព្រោះ​អ្នក​យល់ថា ដើម្បីរក្សា​វា​អ្នក​ត្រូវ​ការ​វត្ថុដ៏អស្ចារ្យ​មួយ​ចំនួន​ដូចជា ការ​ចាយវាយ​ច្រើន ការ​ចូល​ទៅក្នុង​ទំនាក់ទំនង​ថ្នាក់ខ្ពស់ ការ​មានអាជីព​ដ៏សំបើម​ ជាដើម​ ទើប​ងាយ​ស្រួល​ធ្វើ​ ហើយ​នៅពេល​ដែល​អ្នក​មិនមាន​របស់​ទាំងនោះ អ្នក​ក៏យល់​ថា​វា​ពិបាក​ធ្វើ​។ 

ឈប់គិតច្រើនទៀតទៅ នៅទីនេះ ខ្ញុំ​នឹង​ប្រាប់​អ្នក​ពីវិធីងាយ​ៗ ដែល​ពេលខ្លះ​អ្នក​បាន​ធ្វើ​វា​ជាប្រចាំ​ តែ​អ្នក​មិន​ចាប់​អារម្មណ៌ ដើម្បីរក្សាជំហរ​អាពាហ៌ពិពាហ៌ និងសេចក្តីស្នេហា​។ 

គំនិត​សាមញ្ញ ​ដែល​អាច​រក្សា​ទំនាក់ទំនងស្នេហា និងអាពាហ៌ពិពាហ៌​អោយគង់វង្ស​បាន​​គឹថា ស្នេហា​ប្រៀប​ដូចជា​​សត្វចិញ្ចឹម​មួយ​ក្បាល​ដែល​ត្រូវ​ការ​ការបំប៉ន​ ការ​លាងសំអាត ការ​ផ្តល់​ទឹក​និងចំណី​ថ្មិៗ​រៀងរាល់ថ្ងៃ​ មិនដូច្នេះទេ វានឹងឈឺ​ រឺ​ងាប់បាត់តែម្តង​...។ ស្នេហា​គឺ​ជា​គ្រិះ​ដ៏រឹងម៉ាំ​របស់​អាពាហ៌ពិពាហ៌ ដូច្នេះ​បើសិន​ជា​គ្រិះ​មិន​រឹងម៉ាំ​ តើ​សំណង់​នៃ​អាពាហ៌ពិពាហ៌​អាច​គង់​វង្ស​បាន​យូរ​ប៉ុណ្ណា​ដែរ​?

ព្រោះ​ហេតុ​នេះ​ហើយ​ ទើប​ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំងអស់គ្នា​ថា​ ដើម្បីរក្សារ​ស្នេហា​ដែល​ជាគ្រីះ​នៃ​អាពាហ៌​ពិពាហ៌​អោយ​បាន​គង់វង្ស អ្នក​ទាំងពីរ​ត្រូវ​បង្ហាញ​ឆន្ទៈ​ស្មោះពិត​ប្រាកដ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ព្យាយាម​សម្រេច​បំណងប្រាថ្នា​អោយ​គ្នា​ទៅវិញ​ទៅមក និង​បង្កើត​ទំនាក់ទំនង​ថ្មី​ៗ​ជា​រៀងរាល់ថ្ងៃ។ ទំនាក់ទំនង​ដែលសេសសល់​ពី​​ស្នេហា​មិនអាចរក្សា​ជំហរ​អាពាហ៌ពិពាហ៌​របស់​អ្នក​អោយ​គង់វង្ស​រហូត​នោះទេ ដូច្នេះ​ទើប​ខ្ញុំ​ប្រាប់អោយ​អ្នក​ព្យាយាម​បង្កើត​រស់ជាតិថ្មី​ៗ ទំនាក់ទំនង​ថ្មី​ៗ បង្កើត​ការចងចាំថ្មី​ៗ​ សម្រាប់ទ្រទ្រង់​ចំណងស្នេហ៌​របស់​អ្នក​។ ទោះ​ជា​ចំណង​របស់​អ្នក​ ដែលមានដូចជា វង្សត្រកូល ទ្រព្យសម្បត្តិ កូន​ចៅ​ មាន​គ្រប់គ្រាន់​ តែបើ​សិន​ជា​ក្នុងចិត្ត​របស់​អ្នក​បាត់បង់ជំនឿ​ចិត្ត​ហើយ របស់​ទាំងនោះ នឹងគ្មានតំលៃ​អ្វីទាំងអស់ ហេតុ​នេះ​ ទើប​ខ្ញុំ​ប្រាប់​ថា អ្នក​គួរ​តែ​ព្យាយាម​បង្កើត​ទំនុក​ចិត្ត​ថ្មីៗ​រៀងរាល់ថ្ងៃ​ បង្ហាញជំនឿ​លើ​ទំនាក់ទំនង​រៀងរាល់ថ្ងៃ​ ដើម្បីរក្សា​ជំហរ​ស្នេហា​ និងអាពាហ៌ពិពាហ៌​អ្នក​អោយបាន​​រឹងម៉ាំ​។

វិធី​ក្នុងការ​បង្កើត​ទំនាក់ទំនង និង​ការចង​ចាំថ្មី​ៗ..
  • បង្កើត​វត្ថុដែល​អ្នក​ទាំងពីរ​ស្រលាញ់ដូច​គ្នា អោយប្រាកដ​ឡើង​ (ឧទាហរណ៌៖ ចិញ្ចៀន​ក្រោយ​អាពាហ៌ពិពាហ៌)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ពេលទំនេរ សូមទៅកាន់​កន្លែងថ្មី​ៗ
  • ផ្លាស់ប្តូរ​ទំលាប់អាក្រក់របស់​អ្នក​ពេល​កំពុងដេក​ ធ្វើការ ដើរកំសាន្ត និង​ការជួបជុំ​គ្រួសារ​
  • ផ្តល់ភាពកក់ក្តៅ​ក្នុងការ​រួមភេទ។ ផ្លាស់ប្តូរទម្លាប់​នៃ​ការរួមភេទ​អោយញឹកញ៉ាប់​ និងបំពេញតម្រូវការ​អោយគ្នា​ទៅវិញទៅមក​អោយ​បាន​គ្រប់គ្រាន់​
  • បង្កើតទំនាក់ទំនង​រវាងគ្រួសារ​ អោយកាន់តែជិតស្និទ្ធឹ​ និង​ស្មោះ​ត្រង់​
  • បុរស​ត្រូវ​រៀនធ្វើ​ម្ហូប យ៉ាង​ហោចណាស់​ត្រូវចេះ​មួយ​មុខ​ដែល​មិត្ត​ស្រី​របស់​អ្នកចូលចិត្ត​ ហើយ​ធ្វើ​អោយនាង​ញ៉ាំ
  • នារី​ត្រូវ​កំដរ​មិត្ត​ប្រុស​លេង​កីឡា មើល​កីឡា.... 
  • ឧស្សាហ៌និយាយពាក្យ «បងស្រលាញ់អូន រឺ អូនស្រលាញ់បង​ រឺ​ម៉ាក់ប៉ាស្រលាញ់កូន​»
  • ញញឹម​រកគ្នា​នៅពេល​ភ្ញាក់ពីដេក
  • លួងលោម​គ្នា​នៅពេលកើត​ទុក្ខ

ពិតមែនហើយ! មនុស្ស​គ្រប់រូប​សុទ្ធ​តែប្រាថ្នា​ចង់បាន​សេចក្តីសុខ ប៉ុន្តែ​ភាគ​ច្រើន​មនុស្ស​តែង​តែនាំ​ទុក្ខ​ដាក់​ខ្លួន​។ ពេល​ទុក្ខ​មក​ដល់​ ក៏​ហៅ​រក​សុខ ទាំងខ្លួន​ឯង​មិនដែល​ដឹងសោះ​ថា តើ​ត្រូវរក​សុខ​ដោយវិធីណា​ ហេតុ​នេះ​ទើប​មនុស្ស​​បាត់​បង់​វិចារណញ្ញាណ​ ធ្លាក់ខ្លួន​ចាញ់បោក​គេ​ដោយ​មិនដឹង​ខ្លួន។ សរុបមក រូបមន្ត​សេចក្តីសុខ​ទាំង១០ គឺផ្តើមចេញពីខ្លួន​ឯង សិក្សា​ពី​ខ្លួន​ឯង​អោយ​ច្បាស់ រក​សុខ​អោយខ្លួនឯង​អោយ​ហើយ ទើប​អាច​រក​សុខ​អោយ​អ្នកដទៃ​បាន​។

សម្តេច​ព្រះមហាឃោសានន្ទ (ព្រះមហា​ វ៉ាយ៉ាវ) បាន​មាន​ព្រះសង្ឃ​ដិការថា «មុន​នឹង​អាច​ស្វែងរក​សុខ​អោយ​អ្នកដទៃ មនុស្ស​គ្រប់រូប​ត្រូវ​ស្វែងរក​សុខ​អោយ​ខ្លួន​ឯង​ជា​មុន​សិន​។ ព្រោះធ្វើដូច្នេះទើប​មនុស្ស​ដឹង​ពីមធ្យោបាយនៃ​ការ​​ស្វែងរក​សុខ​»។

ជាយោបល់​ចុង​ក្រោយ​របស់​ខ្ញុំ បើសិន​ជា​អ្នក​បើក​ចំហរ​ការស្រលាញ់​របស់​ចំពោះដៃគូធំប៉ុណ្ណា អ្នក​នឹង​មើល​ឃើញ​ទំហំនៃក្តីស្រលាញ់​របស់​ចំពោះ​អ្នក​វិញ​ប៉ុណ្ណោះដែរ បើសិន​ជា​អ្នក​ស្មោះត្រង់​កាន់​តែខ្លាំង អ្នក​នឹង​មើល​ឃើញ​ពី​ទំហំនៃភាពស្មោះត្រង់​របស់​ដៃគូ​​ថា​មានទំហំប៉ុណ្ណា​ ព្រោះថា អ្វី​គ្រប់​យ៉ាង​នៅ​លើ​លោក​នេះ​គឹ​ផ្តើម​ចេញពីខ្លួនឯង​ ព្រោះតែថា គ្មាន​មនុស្ស​ណា​ម្នាក់​ព្រម​លះបង់​ផល​ប្រយោជន៌ នៅ​ពេល​ដែល​គេមិន​អាចស្វែងរកប្រយោជន៌ពីការលះបង់​របស់​គេ​នោះទេ​ ហេតុ​នេះ​ហើយ​ទើប​ ខ្ញុំ​នៅតែ​និយាយ​ថា បង្ហាញខ្លួនឯង​ប៉ុណ្ណា មើល​ឃើញអ្នកដទៃ​ប៉ុណ្ណោះដែរ​៕

ដោយ ច. សម្បត្តិ


Monday, January 29, 2018

ទំនិញល្អ និងបុរសល្អ


អ្នកទិញស្គាល់ច្បាស់ទំនិញអាក្រក់ បើអ្នកលក់មិនចង់ដាច់បាយ ត្រូវតែបញ្ចេញទំនិញល្អ។ ទំនិញល្អ មិនមែនព្រោះតែវាមានតំលៃថ្លៃទេ តែវាជារបស់ដែលបំពេញតម្រូវការពិតប្រាកដ​របស់​អ្នកទិញ និងមានភាពធុននឹងការប្រើប្រាស់​។ យ៉ាងណាម៉ិញ បុរសល្អតែង​ស្គាល់ច្បាស់ពីតំលៃពិតរបស់នារីល្អ បើនារីល្អនៅមិនព្រមបញ្ចេញតំលៃពិតរបស់នាងទេ នាងនឹងបាត់បង់បុរសល្អដោយទទេ។ បុរសល្អ មិនមែនព្រោះតែគេមានរូបរាងសង្ហារ មាន​ការងារល្អ មានឋានៈ បុណ្យសក្តិ​ មាសប្រាក់ស្តុកស្តម្ភ មានវង្សត្រកូលខ្ពង់ខ្ពស់​ទេ តែគេគឺជាបុរស​ដែល​ប្រកបដោយអង្គ៤គឺ៖

  1. ចេះអោយអភ័យដល់អ្នកផង 
  2. ចេះបំពេញកាតព្វកិច្ចទាំង៥របស់បុរស
  3. ជាមនុស្សដែលស្គាលប្រមាណ ហេតុនិងផល​ និ​ង 
  4. ជាបុរស​ដែល​ចេះរស់នៅក្នុង​ប្រទេស​​របស់គេ១។

Monday, January 22, 2018

បុរសនឹងស្លាប់​ដោយសារនារី​ដែលមាន​បុរសចោមរោម​ច្រើន


នារី៥ប្រភេទ តាម​ព្រះពុទ្ធដីការ ថា បុរស​មិនគួរ​រៀបការ​មករួមរស់ជាមួយ​។ នារីទាំង​៥ប្រភេទ​នោះ​ មរួម​មាន​ដូចជា​...៖


  1. នារីដែលមានសម្រស់​លើស​គេ
  2. នារី​ដែលមានបុរស​ចោមរោមច្រើន
  3. នារីរបាំ រឺអ្នកចំរៀង រឺអ្នកសិល្បៈ
  4. នារីដែលប្រាថ្នាតែទ្រព្យ
  5. ​នារីជា​ប្រពន្ធគេ
ក្នុងនោះ ខ្ញុំ​នឹង​បកស្រាយ​អំពី​នារី​ជំពូកទី​២ តាមបែប​បុគ្គលាធិដ្ឋាន ដែលមានសំដែង​ក្នុង​ព្រះ​សូត្រ​នៃ​ព្រពុទ្ធដីការ។


សត្វក្អែកកំសត់មួយ​ក្បាល​ ហើរដាច់សង្វែង ហេវហត់ អស់កំលាំង សំកាំងស្លាប​ពីលើ​អាកាស សំលឹង​មក​កាន់​ផ្ទះអ្នក​ស្រុក​ ដើម្បី​ស្វែងរក​ចំណីចំអែតក្រពះ​។ ដោយសំណាងល្អ ផ្ទះអ្នកស្រុក​មួយ​ បាន​ដាក់​ហាល​សាច់​គោស្រស់​របស់​ខ្លួន​នៅខាងមុខផ្ទះ​។

ក្អែកកំសត់ ឃើញភ្លាម​ក៏​សំយ៉ុងស្លាបចុះ​ សំដៅ​កញ្ជ្រែង​សាច់​ស្រស់​ ដែល​មាន​ពណ៌​ល្អក្រហម​ជាំឈាម​ និង​ជះ​ក្លិន​ឈ្ងុយឆ្ងាញ់​ដល់​ច្រមុះ​ក្អែក​។
ឳសាច់​អើយសាច់ រូបអ្នកល្អផ្តាច់ មានក្លិន​អស្ចារ្យ អោយក្អែកកំសត់ ឃើញហើយឆ្លេរឆ្លា ឆៀងឆាបទៅរ៉ា ប៉ងជាចំណី។ ឳ!សាច់ក្រហម ក្អែកចង់ថ្នាក់ថ្នម ប្រលោមទុកឆី ថ្ងៃនេះ​មិន​គ្រាន់ ទុកថ្ងៃពីរបី ហិចហើរផុតដី នាំសាច់ស្រស់ទៅ​។ 
ក្អែកសំគម ស្រេកឃ្លាន បន្ទាប់ពី​សំយ៉ុងក្បាលចុះ​ពាំសាច់ស្រស់ ហិច​ហើយទៅ​លើអាកាស​ហើយ ក៏តាំង​សំលឹង​រក​ព្រៃឈើធំ​ ដើម្បី​ទំសំចត​ ក្នុងបំណង​ឆីសាច់ស្រស់នោះ​អោយឆ្ងាញ់​មាត់​ម្តង​។ ហើរឆ្ងាយ​ភូមិ​បន្តិច ក្អែក​ឃើញដើម​ឈើទាន​ធំ​មួយ​​មានស្លឹក​មីរដេរដាស់ និង​មាន​ម្លប់​គួរអោយ​ចុះសំចត ទើប​ក្អែក​ហើរសំដៅ​ដើមឈើទាលនោះ​។

ទៅដល់ហើយ ក្អែក​បាន​ទៅ​ទុំសំចត​នៅ​លើ​មែក​ឈើទាល​ធំ​មួយ ដោយមិន​ចាប់​អារម្មណ៌ថា មាន​ក្អែកហ្វូងដទៃ​ទៀត​កំពុង​ទុំ​លើ​ឈើទាល​នោះដែរ​។ ក្លិន​ឈ្ងុយឆ្ងាញ់​នៃសាច់​ ពណ៌ស្រស់​នៃ​សាច់ បាន​ដាស់​ដំណេក​ក្អែកដទៃ​ទៀត​អោយ​ភ្ញាក់ឡើង​សំលឹង​មក​កាន់​ក្អែកកញ្ចាស់​ចំនូលថ្មី​ ធ្វើអោយក្អែក​កញ្ចាស់​យើង​ចាប់​ភ្លឹក​ថា នៅទីនេះ​មិនមានសុវត្ថិភាព មិនអាច​ឆីសាច់​ដ៏ស្រស់នេះ​តែម្នាក់​​ឯង​បាន​នោះ​ទេ ក៏​ស្ទុះ​វឹង ពាំសាច់​ក្នុងមាត់​យ៉ាង​​ណែន ហើរ​ចេញពី​ដើម​ឈើទាលនោះ ខណៈពេល​ដែល​ហ្វូងក្អែក​ស្រេក​ឃ្លានដដទៃ​ទៀត ចាប់​ផ្តើម​ហើរ​ប្រដេញ ប្រចឹក​ដណ្តើម​សាច់​ពី​ក្នុង​មាត់​ក្អែក​កំសត់​។ ក្អែកខ្លះដែលមានកំលាំង ក៏ចឹងក​ចំក ក្អែកចាស់ ខ្លះ​ក៏ចឹងចំទ្រូង ខ្លះ​ក៏ចឹក​ចំ​ស្លាប នៃក្អែកចាស់ តែ​ក្អែក​ចាស់​មិនព្រម​លែង​សាច់​ក្នុងមាត់​នោះ​អោយទៅ​ហ្វូងក្អែក​ឯទៀត​ឡើង គឺខិត​ខំតែប្រឹង​ហើរ​អោយ​លឿនតាម​តែអាចធ្វើបាន​ ប៉ុន្តែ​ក្អែកចាស់អស់កំលាំងទៅ​ហើយ​។

ហើរកាន់តែឆ្ងាយ កំលាំងកាន់តែអស់ ខណៈពេលដែលហ្វូងក្អែក​ឯទៀត នៅតែហើរដេញប្រចឹក​យក​សាច់ពីក្នុងមាត់​របស់ខ្លួន​។ ក្អែកចាស់​គិត​ក្នុងចិត្ត​ថា...៖
សាច់អើយសាច់ស្រស់ អ្នកមានសម្រស់ តែជាប់កម្មា ក្អែកណាឃើញហើយ ស្រេកឃ្លាន​មហា ហិចហើយឆៀងឆា ឆាបឆក់ប្រហារ។ មាត់អើយមាត់អញ មាត់ត្រូវតែឆ្ងាញ់ តែបែ​អាសារ បើអញ់ទ្រាំពាំ និងបង់សង្ខារ ណ្ហើយសាច់់ទៅរ៉ា ក្រពះក្អែកផ្សេង។
 គិតក្នុងចិត្តយ៉ាងនេះ ហើយ ក្អែកចាស់ ក៏ព្រលែងសាច់នោះចេញពីក្នុងមាត់ ធ្វើ​អោយហ្វូងក្អែកអត់ឃ្លាន​ទាំងនោះហើរប្រដេញប្រយុទ្ធដណ្តើម​យក​ មិនគិតខ្លាច​ស្លាប់បង់អាសារ​។ ក្អែកចាស់ ហិច​ហើរ​ចេញ​ពីហ្វូង ហើយ​ស្រែកឡើងថា.. «បុរសឯណា ស្រលាញ់ នារីដែល​មាន​បុរសឯទៀត​ច្រើនគ្នា ចោមរោម បុរសនោះ​នឹង​ជួប​នូវ​ក្តីខកបំណង​ថ្ងៃណាមួយ​មិនខាន»៕


Sunday, December 17, 2017

ហេតុ​នៃ​ក្តីវិនាស​មួយ ​ក្នុង​​បរាភវសូត្រ និង​គតិ​លោក​​ ដែល​គួរ​តែ​ស្វែង​យល់​


បុរស​ដែល​មាន ​វ័យ​ចាស់​ហួស​ពេក​ ហើយ​មាន​តម្រេក​ដោយ​ក្តី​តណ្ហា​ នាំ​យក​ស្រី​ក្មេង​មក​ធ្វើ​ភរិយា​ ហេតុ​នោះ​ទៅ​ជា​នាំ​អោយ​វិនាស​... (បរា​ភវសូត្រ)... ព្រោះ​ពន្លឺ​ត្រជាក់​នៃ​ព្រះ​ច័ន្ទ​មិន​ជាទីពេញ​ចិត្ត​នៃ​មនុស្ស​រងា ពន្លឺ​ក្តៅ​នៃ​ព្រះ​សូរិយា​ក៏​មិន​ជា​ទី​ពេញ​ចិត្ត​នៃ​មនុស្ស​ក្តៅ​ក្រហល់​​ ក្រ​ហាយ​ យ៉ាង​ណា​ម៉ិញ បុរស​ចាស់​រញាក់រញ័រ​ ខ្សត់ខ្សោយ​កំលាំង​ ក៏​មិន​ជា​ទីពេញ​ចិត្ត​នៃ​នារី​ក្មេង​យ៉ាង​នោះ​ដែរ​... (គតិលោក​)។​

ប៉ុន្តែ​គំនិត​មនុស្ស​សម័យថ្មី សម័យ​ចាយ​លុយ​ច្រើន​ជាង​ចាយ​គំនិត​ និង​ចំនេះដឹង​បាន​លើក​ឡើង​ថា «អាយុ​គ្រាន់​តែជា​តួរលេខ ស្នេហា​មិន​ប្រកាន់​អាយុ​នោះ​ទេ​... រឺ ចាស់ក្មេង​​មិនសំខាន់​ សំខាន់​មាន​លុយ​..» ជាដើម​។ តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ទស្សនៈ​ចាស់ និង​ក្មេង​នេះ?





ដោយ ច. សម្បត្តិ

Thursday, November 9, 2017

[ត] មូល​ហេតុ​អ្វី​បាន​ជា​អ្នក​ «មិនសុខចិត្ត​»?


ការ​គិត​ជា​ច្រើន​របស់​មនុស្ស​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​​ដំណើរ​នៃ​ការ​វិនិច្ឆ័យ​ ដែល​គ្មាន​លក្ខណៈ​ជាក់​លាក់​នៅ​​ឡើយ ដរាប​ណា​វា​នៅ​មិន​ទាន់​បាន​ឆ្លង​កាត់​ការ​ពិសោធន៌។ ក្នុង​ដំណាក់​កាល​នេះ​​ហើយ​​ដែល​ធ្វើ​អោយ​​មនុស្ស​​ភាគ​​ច្រើន តែង​ប្រឆាំង​គ្នា​ និង​កើត​រឿង​មិន​សុខ​ចិត្ត។ នៅ​​ទី​នេះ ខ្ញុំ​មាន​​ហេតុ​ផល​​មួយ​​ចំនួន​​ដែល​​បង្ហាញ​ពី​មូល​​ហេតុ​​នៃ​​ការ​មិន​សុខ​ចិត្ត​។



ការមិនសុខចិត្តគឺជា​ជំងឺមួយ​ ហៅថា «ជំងឺផ្លូវបុគ្គលនិយម»។ ជំងឺនេះ​វាមិនពិបាក​ព្យាបាល​នោះទេ បើសិនជា​អ្នកព្យាបាល​យល់ច្បាស់ពី​តម្រូវការរបស់បុគ្គលនោះ​។ និយមន័យ​នៃ​ «ការមិន​សុខចិត្ត» គឺ ការមិនព្រមទទួល​យក​តំលៃ​នៃ​រឿងមួយ​​មក​ផ្សារភ្ជាប់​និង​គំ​និត​របស់​ខ្លួន រឺអោយ​ន័យ​ដោយឡែកថា ជាការមិន​ព្រមលះបង់តំលៃ​នៃវត្ថុរបស់ខ្លួន​អោយភ្ជាប់គ្នា​និង​គំនិតរបស់​ អ្នកដទៃ​។
 
តាម​និយមន័យខាងលើ នោះយើងអាចថ្លឹងថ្លែងបានថា បុគ្គល​ដែលមាន​គំនិត​ប្រកាន់គោលការណ៌​មិនប្រែប្រួល ភាគច្រើនជាអ្នកដែលមានជំងឺបុគ្គលនិយម​ រឺអ្នកមានជំងឺមិនសុខចិត្ត​ ហើយ​បុគ្គល​ប្រភេទនេះ​ភាគច្រើនបំផុត​គឺស្ថិត​ក្នុង​ស្ថាប័ន​ជាមេដឹកនាំ​ អ្នក​គ្រប់គ្រង​ និងអ្នកសម្រេចចិត្ត​។ ប៉ុន្តែតើកត្តាអ្វីខ្លះដែលជំរុញ​អោយមាន​ការមិនសុខចិត្តកើតឡើង...?
 
១. អតុល្យភាពនៃតំលៃ និង​ផល​ប្រយោជន៌
 
ខ្ញុំផ្តល់​ឧទាហរណ៌អោយ​អ្នក​មួយ បើសិនជា​អ្នកមានប្រាក់​១ម៉ឺិនរៀល អ្នកទៅទិញនំចេកអាំងមួយ ហើយអ្នកហុចក្រដាស់​ប្រាក់​អោយអ្នក​លក់ អ្នក​លក់ក៏អាប់ប្រាក់អោយ​អ្នកវិញ ៥ពាន់រៀល។ ក្នុងចិត្ត​អ្នក​រំពឹងថា នំចេកអាំងមួយ​មានតំលៃ​ច្រើនបំផុតគឺ ១៥០០រៀល ដូច្នេះ​អ្នក​លក់​ត្រូវអាប់​លុយ​អោយ​អ្នក​វិញ​ ៨៥០០រៀលយ៉ាងតិច​ ប៉ុន្តែគេបែជាអាប់អោយវិញតែ​ ៥ពាន់រៀល ដូច្នេះមានន័យថា នំ​ចេក​អាំងមួយ​មានតំលៃ៥ពាន់រៀន គឺលើសពីការរំពឹងទុក​របស់អ្នក​។ ក្នុង​តថភាព​នៃជំនួញសុក្រិតភាព អ្នកពិតជាមិនព្រមនឹង​តំលៃនេះឡើយ​ ដូច្នេះអ្នកនឹងមិនសុខ​ចិត្ត​។ 
 
ក្នុងន័យនេះ អតុល្យភាព​នៃ​ការទទួលបានផលប្រយោជន៌ និង​ការបែងចែកភាគលាភ គឺជា​ជំងឺមួយ​ដែលពិបាកព្យាបាល​បំផុត​ ជាពិសេស​សម្រាប់​សហគមន៌ និង​សង្គម​ជាតិទាំងមូល​។ ប្រសិនបើ​អ្នកដឹកនាំ មិនបានអនុវត្តន៌ការបែកចែកភាគលាភ និង​ផលប្រយោជន៌អោយ​មនុស្ស​ក្នុងសង្គម​ប្រហាក់​ប្រហែលគ្នាទេ នោះ​ភាព​មិនសុខ​ចិត្តនឹងកើតមានឡើង​​​ក្នុង​ចំណោម​ពួក​គេ។ អតុល្យភាព​នឹងធ្វើអោយ​គំលាតនៃទំនាក់ទំនងរបស់សហគមន៌កាន់តែឆ្ងាយពីគ្នា ដូច្នេះ​គេមិនគួរធ្វេសប្រហែស​ក្នុងការ​បង្កើតទំនាក់ទំនងទូលំទូលាយ និង​ការបែកចែកភាគលាភ​អោយ​គ្នា​ទៅវិញទៅមកនោះទេ។
 
២. ការឈ្នានីស និងការរំលោភបំពាន
 
អ្នកមិនអាចនិយាយថា ខ្ញុំមិនខឹង ខ្ញុំុំមិនស្អប់ ខ្ញុំមិនសោកស្តាយ បើសិនជា​អ្នក​ដណ្តើមយកមនុស្ស​ជាទីស្រលាញ់របស់ខ្ញុំទៅ​នោះ​ទេ​។ ចរិត​ធម្មជាតិរបស់មនុស្សគ្រប់រូបគឺ «មិនព្រមលះ​បង់​ផល​ប្រយោជន៌​ដរាបណាទាញបានប្រយោជន៌ពីការលះបង់របស់ខ្លួនវិញ» ដូច្នេះ បើ​គេជាបុថុជ្ជនធម្មតា​គេនឹងមិន​ព្រមលះបង់​របស់សំពណ្វ សូម្បីតិចតួចបំផុត​អោយអ្នកឡើយ បើ​សិន​ជា​គេ​មើល​មិន​ឃើញ​​ផល​ពីវាមកវិញ​នោះ​។ 
 
ផ្ទុយពីនេះវិញ មនុស្សដែលមានគំនិតឈ្លានពាន​គេ ក៏ជា​ប្រភេទបុគ្គល​ដែល​ស្រលាញ់​ផល​ប្រយោជន៌​ខ្លាំងណាស់ដែរ ហើយ​ការស្រលាញ់ផល​ប្រយោជន៌​គឺជា​មូល​ហេតុ​នៃ​ការ​មិនសុខចិត្ត​។ បើ​គេ​រំពឹង​ថា របស់នោះគឺ​ជា​របស់​ខ្លួន ប៉ុន្តែ​វា​បែ​ជា​ធ្លាក់​ទៅ​ក្នុងដៃ​របស់​អ្នកផ្សេង នោះ​គេ​នឹង​ធ្វើ​គ្រប់វិធី​ដើម្បី​ដណ្តើម​វា​មកវិញ ដើម្បី​បំពេញ​ចិត្ត​របស់គេ​។ ចុះ​អ្នក​ដែល​ត្រូវ​គេដណ្តើម​​ បើ​គិត​តា​ម​លក្ខណៈ​សត្យានុម័ត្យ​ តើ​គេ​យល់​ព្រម​ទេ? គ្មាន​មធ្យោបាយ​អ្វី​ក្រៅតែ​ពី​ម្ខាង​ៗ​ព្រម​លះបង់​នោះ​ទេ ប៉ុន្តែ​តើ​​ផល​ប្រយោជន៌​អ្វី​ទើប​អាច​អោយ​កេ​ព្រម​លះបង់?

នៅ​ក្នុង​ក្រុម​ហ៊ុន​មួយ​ ហេតុ​ផល​នៃ​បុគ្គលិក​មួយ​ចំនួន​មិន​គោរព​វិន័យ មិនគោរព​បទបញ្ជារ​ផ្ទៃ​ក្នុង​ គឺ​ព្រោះ​តែ​ភាពធូររលុង រឺ​​បទបញ្ញត្តិ​ និង​វិន័យ​ទាំង​នោះ​មិនធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ប្រយោ​ជន៌​គេ។ មនុស្ស​ភាគ​ច្រើន ច្បាប់​ដែល​មិនធ្វើ​អោយ​ខ្លួន​ឯង​ខាត​បង់ គឺ​ជា​របស់​គ្មាន​ប្រយោជន៌​ ព្រោះ​គេ​មិន​បាន​ផ្តល់តំលៃសាកល​ចំពោះ​ការ​អនុវត្តន៌​ច្បាប់​នោះ​ទេ​ ហេតុ​នេះ​ ទើប​ទោស​បញ្ញត្តិ​នៃ​ច្បាប់​ជា​ច្រើន​បាន​កៀប​​ក​គេ ធ្វើ​អោយ​គេ​បាត់បង់​ប្រយោជន៌ បង្ខំគេ​អោយ​អនុវត្តន៌​ ទើប​គេ​ព្រម​អនុវត្តន៌តាម​។ តើ​នេះ​ជា​កំហុស​របស់ច្បាប់​មែន​ទេ?

ប៉ុន្តែ​ផ្ទុយ​មក​វិញ មនុស្ស​មួយ​ចំនួន​គ្មាន​ឆន្ទះ​ក្នុងការ​កសាង​ខ្លួន​អោយ​ក្លាយ​ជា​មនុស្ស​ល្អ​ទេ ព្រោះ​គេ​តែង​ស្វែងរក​ប្រយោជន៌​ក្នុង​ច្បាប់ និង​បទបញ្ជារ​នោះ ដរាប​ណា​គេរក​វា​មិនឃើញ គេនឹង​មិនសុខ​ចិត្ត​ ប៉ុន្តែ​បើ​សិន​ជា​រឹត​បន្តឹង​គេនឹងរើបំរាស់​ ក្រោមហេតុ​ផល​នៃ​ការ​មិន​សុខចិត្ត​ដូច​គ្នា​ដែរ​។ ដូច្នេះការ​ផ្តល់​ផល​ប្រយោជន៌​ដូចខ្ញុំ​បានរៀបរាប់​ខាង​លើ គឺ​ធ្វើ​អោយ​បុគ្គល​មាន​ភាព​ស្មើ​គ្នា​ក្នុងការទទួល​យក​ភាគ​លាភពីសង្គម​ដែលគេរស់​នៅ​។

សរុប​មក​ ហេតុផល​​ដែល​មនុស្ស​មានរឿង​មិន​សុខ​ចិត្ត​​ព្រោះ​..៖
  • ខាត​បង់ផល​ប្រយោជន៌​
  • មិនទទួល​យក​ផល​ប្រយោជន៌
  • មានចិត្ត​មានៈ
  • មានចិត្ត​លោភលន់​
  • កំពុងវង្វេង​ក្នុងលាភ​យស
  • ការជិះ​ជាន់​
  • បាត់​បង់ជំនឿ​ចិត្ត​
ការ​ស្រោចស្រង់​... មាន​មធ្យោ​បាយ​ជាច្រើន​ក្នុងការ​ស្រោច​ស្រង់​ការ​បាត់បង់​ស្មារតី និង​មិន​មុខ​សុខចិត្ត​ ប៉ុន្តែ​វា​ស្រ័យ​លើ​ស្ថានភាព​ និង​បរិយាកាស​ការងារ​។ មនុស្ស​​មាន​គំនិត​មហិច្ឆិតា​​ខុសៗ​គ្នា ដូច្នេះ​ទោះ​ជា​ការ​បែងចែក​ភាគ​លាភ ការ​មិន​បង្ខំ​ ការបង្កើត​ជំនឿ​ចិត្ត​ជា​ដើម​ នៅ​តែ​មិន​អាច​ធ្វើ​អោយ​មនុស្ស​ស្ងប់​ចិត្ត​។ «ស្ងប់​ចិត្ត» គឺ​ជា​ពាក្យ​ផ្ទយ​ពី​ពាក្យ «មិនសុខ​ចិត្ត​» ចឹង​តើ​ធ្វើម៉េច​ទើប​មនុស្ស​ស្ងប់ចិត្ត? គឺ​មាន​តែការលួងលោម។

ចូរចងចាំថា ការ​លួងលោម​មនុស្ស​ដោយ​ការ​ផ្តល់​ផល​ប្រយោជន៌ខាងក្រៅ ដូចជា​ការអោយលាភយស បុណ្យសក្តិ ទ្រព្យសម្បត្តិ គឺ​ជា​រឿង​គ្រាន់តែ​អាច​លួង​បានមួយរយៈពេល​តែប៉ុណ្ណោះ។ សូម​ធ្វើការ​លួង​ចិត្ត​របស់គេ​ចេញ​ពី​ខាង​ក្នុង​មកវិញ​ គឺ​ធ្វើ​អោយ​មនុស្ស​ទាំងអស់​ ស្ងប់ចិត្ត ចេញ​ពីបេះដូង​។ តើ​ត្រូវ​ធ្វើដូចម្តេចខ្លះ?
 


ដោយ ច. សម្បត្តិ

សេចក្តីសុខ​៤​យ៉ាង​របស់​មនុស្ស​


នេះ​គឺ​ជា​គំនិត​ក្នុង​អត្ថបទ​មុន «សេចក្តីសុខ​ពិត​ប្រាកដ​របស់​មនុស្ស​មាន​រស់​ជាតិ​ដូច​ម្តេច?»..៖ ជាការ​ពិត សម្លរ​ដែល​ឆ្ងាញ់​មួយ​ចាន គឺ​ទាមទារ​អោយ​អ្នក​ផ្សំគ្រឿង​អោយ​បានត្រឹមត្រូវ និង​ផ្ចិតផ្ចង់​ក្នុង​ការ​ស្លរ មាន​ការ​តាមដាន​ទឹក ការ​មើល​ថែ​ភ្លើង​ជា​ដើម​។ យ៉ាងណា​ម៉ិញ សេចក្តីសុខ​ពិត​ប្រាក​ដរបស់​មនុស្ស​គឺ​ទាមទារ​អោយ​អ្នក​ធ្វើ​រឿង​ល្អៗ​ ជាច្រើន​ ថែរក្សា​ការ​សន្យា​ និង​ព្យាយាមបំពេញ​ក្តីបំណង​អោយ​គ្នា​ទៅវិញ​ទៅ​មក​។

ប៉ុន្តែ​ចូរចងចាំថា សម្លរឆ្ងាញ់នៅថ្ងៃ​នេះ មិនប្រាកដ​ថា​អ្នកអាច​ផ្សំ​គ្រឿង​ត្រូវ​ទៅថ្ងៃក្រោយ​ទៀតទេ​ ទោះ​ឆ្នាំងដដែល​ គ្រឿង​ដដែល​​ ហើយ​អ្នកញ៉ាំ​ដដែល​​ក៏​ដោយ ​ គឺ​មិនប្រាកដ​ថា​អាច​ឆ្ងាញ់​ដូច​ថ្ងៃ​ម្ស៊ិល​នោះទេ​ យ៉ាងណា​ម៉ិញ សេចក្តីសុខ​របស់​មនុស្ស​គឺ​មិន​អាច​ស្ថិតស្ថេរ​អមតៈ​ទេ វា​នឹង​រលាយទៅបន្តិចម្តង​ៗ​ រហូតបាត់បង់អស់​តែម្តង​។ ប្រការនេះ​ហើយ ទើបអ្នក​ត្រូវ​ព្យាយាម​ ផ្សំគ្រឿង​ជាថ្មី​ ក៏ដូចជា​បង្កើត​ទង្វើ​ថ្មីៗ​ អនុស្សាវរីយ៌ថ្មី​ៗ ដើម្បីបន្ត​ដំណើរ​សេចក្តី​របស់​អ្នក​ ពុំ​នោះ​ទេ វានឹងកប់យ៉ាងជ្រៅ​ទៅ​ក្នុង​ស្រមោល​អពមង្គល​ មិនងាយ​នឹង​ស្វែងរកមកវិញ​បាន​ទេ​។

«សេចក្តីសុខ​» រឺ «សុខ» គឺ​ភាព​មិន​មាន​ហ្មងសៅ​ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​... អ្នកណា​ៗ​ក៏​ប្រាថ្នាចង់​បានដែរ​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​អាច​ទទួល​បាន ក៏ព្រោះ​តែ​ «សុខ រឺសេចក្តីសុខ​» នេះ វាទាម​ទារ​លក្ខណៈសម្បត្តិ​ជា​ច្រើន​របស់​មនុស្ស​ដើម្បី​ទទួល​បានវា​។ ក្នុងនោះ​ តាម​ទ្រឹស្តី​ក្នុង​ព្រះពុទ្ធសាសនា​​ បាន​រក​ឃើញ​ថា មនុស្ស​លោកធម្មតា​អាច​ទទួល​បាន​សេចក្តីសុខ​ដោយ​កត្តា​៤យ៉ាង​គឺ..៖

១. សុខ​ព្រោះ​មិនមានជំងឺ
ពិតណាស់​ មានពាក្យ​មួយ​ដែល​គេ​តែងនិយាយ​ស្ទើរត់​មាត់​គឺ «សុខភាព​គឺជា​មាស​ប្រាស់ រឺ​មានសុខភាព​ល្អ គឺ​មានអ្វី​ៗ​ទាំងអស់​» ដែល​បង្ហាញថា​​មនុស្ស​អោយ​តែ​មាន​ជំងឺ​ដង្កាត់​កើត​ឡើង​គឺ​ពិត​ជា​ធ្វើ​អោយ​ខាត​បង់​ច្រើន​ទាំងពេលវេលា និងទ្រព្យសម្បត្តិ​។

២. សុខ​ព្រោះ​មិន​ជាប់បំណុល
«បំណុល​» បើ​និយាយ​ដោយ​ទូលំទូលាយ មិន​មែន​ត្រឹម​តែ​​ជា​ការ​ជាប់​ជំពាក់​ផ្នែក​ទ្រព្យ​សម្បត្តិនោះ​ទេ គឺ​សំដៅ​ទៅ​លើ​​បំណុលធំ​ៗ មានដូចជា បំណុល​កូន បំណុល​ប្រពន្ធ​ប្តី បំណុល​​វង្ស​ត្រកូល​ ជាដើម​.. ដែល​បំណុល​ទាំង​នេះ​អ្នកណា​ៗ​ក៏​មានដែរ។ ដូច្នេះ​បើ​សិន​ជា​បុគ្គល​អាច​លះ​បង់ អាច​ប្រឹងប្រែង​ បង្កើត​ប្រយោជន៌​អោយ​ក្រុម​បំណុល​ទាំងនោះ​ បុគ្គល​នឹង​ទទួល​បាន​សេចក្តី​សុខ​ដោយ​ពិត​ប្រាកដ​។

៣. សុខ​ព្រោះ​​​សោយ​សុខ​លើ​ទ្រព្យ​សម្បត្តិ
ជាការពិត ការសោយសុខ​លើ​ទ្រព្យ​សម្បត្តិ​គឺ​ពិត​ជា​ធ្វើ​អោយ​បុគ្គល​មាន​សេចក្តីសុខ​​យ៉ាង​ពិត​ប្រាកដ​ក្នុង​មួយ​ខណៈពេល​ ប៉ុន្តែ​បើសិន​ជា​បុគ្គល​ភ្លើត​ភ្លើន​ក្នុងការ​ចាយ​ទ្រព្យ​ ប្រើប្រាស់​ទ្រព្យ​ដោយ​ខុស​គន្លង​ រឺ​ប្រើ​ផ្លូវ​ខុស​ ពេល​នោះ​បុគ្គល​នឹង​ទទួល​បាន​ទុក្ខ​ព្រោះការ​សោយសុខ​នោះ​វិញ​។ ដូច្នេះ​សូម​ចាយវាយទ្រព្យ​សម្បត្តិ​ដោយ​ផ្លូវ​ត្រឹម​ត្រូវ ដោយ​សុច​រិត​ ដោយ​ស្មោះ​ត្រង់​ ទើប​អ្នក​ទទួល​បានសុខ​ដោយ​ពិត​ប្រាកដ​នោះ​វិញ​។

៤. សុខ​ព្រោះ​ជួបជុំវង្សត្រកូល
មិនបាច់​បរិយាយ​ច្រើន ការជួប​ជុំ​វង្ស​ត្រកូល ក្រុមគ្រួសារ គឺជា​សម្បត្តិ​សុខ​មួយ​របស់​មនុស្ស​ ប៉ុន្តែ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​ព្រាត់ប្រាស់​ទេ​។ ដូច្នេះ ក្នុងកំឡុង​ពេល​យើង​ទទួល​បានសេចក្តីសុខ​ យើង​គម្បី​សិក្សា​អប់រំ​ផ្លូវ​ចិត្ត ត្រៀម​ពេល​ដែល​ការ​បែកបាក់​មក​ដល់​ដែរ។

សរុបមក​វិញ សេចក្តី​វា​គ្រាន់តែ​ជា​ខណៈពេល​នៃ​ការ​ព្រម​ទទួល​យក​​នៃ​ចិត្ត​របស់យើង​ ប៉ុណ្ណោះ ប៉ុន្តែ​បើ​សិន​ជា​ចិត្តគំនិត​ បេះដូង​របស់​យើង​ឧស្សាហ៌​យល់ព្រម​ យើង​ក៏​នឹងឧស្សាហ៌ទទួល​បាន​សេចក្តីសុខ​ដែរ​ ព្រោះថា សេចក្តៅសុខ ដូចជា​ពន្លឺ​តូចៗ​ ក្នុង​ពិភព​ងងឹត​ដ៏​ធំ​ល្វឹងល្វើយ​ បើ​សិន​ជា​អ្នកចាប់វា​បាន​ហើយ សូម​ព្យាយាមរក្សាវាអោយគង់ ព្រោះ​អ្នក​មិនប្រាកដ​ថា អាចចាប់​យកពន្លឺ​ផ្សេង​ទៀត​បាន​ទេ​៕


ដោយ​ ច. សម្បត្តិ

Wednesday, November 8, 2017

គឺ​ព្រោះ​តែ​ការ​ស្រលាញ់​...



ហេតុ​អ្វី​ មនុស្ស​ខិត​ខំ​លីសែង ទូលរែក មិនខ្លាចក្តៅ​រងា​? គឺ​ព្រោះ​តែ​ការ​ស្រលាញ់​... ហេតុ​អ្វី​មនុស្ស​ត្រូវ​កាប់​សម្លាប់​គ្នា​ កេង​ប្រវ័ញ្ជ បោក​បញ្ឆោត​ គេចវេស​ និង​បង្ករសង្គ្រាម​? គឺព្រោះ​តែ​ការ​ស្រលាញ់​...។ ការ​ស្រលាញ់​ត្រូវ​បាន​ចាត់ទុក​ជា​សភាវៈ​ល្អ ប៉ុន្តែ​ការ​ស្រលាញ់​មិន​អាច​បញ្ចប់​បញ្ហា​ជីវិត​បាន​ទេ.. ការ​លះបង់ការ​ស្រលាញ់​ជាប់ស្អិត និងការ​ស្អប់​ គំនុំ​គុំ​គួន​.. ទើប​ជា​វិធី​ទៅ​កាន់​និព្វានសុខ​...នេះ​បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធសាសនា​។


សរុបមក​ សេចក្តីសុខ និងទុក្ខ​គ្រប់បែបយ៉ាង​គឺ​កើត​ចេញពី​​​ទង្វើរ​របស់​មនុស្ស​​ មាន​ទង្វើនៃ​ការ​ស្រលាញ់​ ការស្អប់​ជាដើម​។ ព្រះពុទ្ធ​បាន​ស្វែងយល់ពី​ផល​វិបាក​នៃ​សេចក្តីសុខ​ និងទុក្ខ​ដែលកើត​ចេញពី​របស់អស់ទាំងនេះ (កាមរាគៈ​) ទើប​ទ្រង់​ព្រម​លះបង់​ចោល​ទាំងអស់​ ដើម្បី​ស្វែងរក​និព្វាន​សុខ​ ដែលជា​សេចក្តីសុខ​អមតៈ​។


ដោយ ច. សម្បត្តិ

អំណោយ​ទាន​សំលេង​របស់​មនុស្ស​ស្រី​



សំលេង​ គឺជា​សម្បត្តិ​មួយ​របស់​មនុស្ស​​ប្រុស​ស្រី​។ អ្នក​មាន​សំលេង​ល្អ ចេះ​និយាយ​ប្រកប​ដោយ​ទឹក​ដម មាន​ខ្លឹម​សារ ពីរោះពិសារ​ នឹង​អាច​រក​ទ្រព្យ​សម្បត្តិ​បាន​ ក្លាយ​ជា​អ្នក​រស់​ដោយ​ស្តុក​ស្តម្ភ​ តួរ​យ៉ាង​​មាន​អ្នកចំរៀង អ្នក​អត្ថាធិប្បាយ​ជាដើម​​។ ចុះ​តើ​សំលេង​របស់​មនុស្ស​ស្រី​មានអំណោយ​ទាន​អ្វីនៅ​ក្នុង​នោះ​?
អំណោយទាន​របស់​មនុស្ស​ស្រី​..៖
  1. សក់
  2. ស្បែក និង​រាងកាយ
  3. ដើមទ្រូង
  4. ត្រគាក
  5. សំលេង
អំណោយទានទាំងអស់នេះ​ហើយ ដែលធ្វើ​អោយ​បុរស​កាប់សម្លាប់​គ្នា​ ប្រើល្បិចល្បោយ​គ្រប់​បែប​យ៉ាង​ដើម្បីដណ្តើម​យក​មកជាកម្មសិទ្ធឹ​របស់​ខ្លួន​ ពីព្រោះ​បុរស​មិនមានអំណោយ​ទាន​ធម្មជាតិ​ទាំងនេះ​ទេ​។
ក្នុង​គម្ពីរ​ធម្មបទ​(គម្ពីរបាលីភាសា​របស់​សមណ​និស្សិត​) បាន​ដក​ស្រង់​ព្រះពុទ្ធដីការ​ថា​​ សំលេង​អ្វី​ ស្មើ​ដោយ​សំលេង​មនុស្ស​ស្រី​មិនមាន​..។  ពិតណាស់ សំលេង​មនុស្ស​ស្រី​ម្នាក់​​អាច​ធ្វើ​អោយ​បព្វជិត​ប្រព្រឹត្ត​ខុស​ធម៌វិន័យ អាច​ធ្វើ​អោយ​ជន​ឃោរ​ឃៅ​ក្លាយ​ជា​សត្វ​ម្រឹគ​ អាច​ធ្វើ​អោយ​​កង​ទ័ព​ទំលាក់​អាវុធ​.. ព្រោះ​សំលេង​មនុស្ស​ស្រី​គឺជា​អំណោយទាន​ ដែល​មនុស្ស​ប្រុស​គ្មាន​.. ព្រោះ​សំលេង​មនុស្ស​ស្រី​មាន​អំណាច​លើ​វិញ្ញាណ​បុរស​.. ប៉ុន្តែ​តើ​នារី​ៗ​គ្រប់​រូប​ចេះ​ប្រើ​ប្រាស់​សំលេង​របស់​ខ្លួន​ហើយ​រឺនៅ​?



ដោយ ច. សម្បត្តិ

Monday, November 6, 2017

តើអ្នកធ្លាប់ខូចចិត្តនឹងស្នេហាដែររឺទេ?



ខូចចិត្ត ជាទូទៅ​ត្រូវគេ​ប្រើ​វា​សំដៅ​តែ​លើ​ជន​ដែល​បាត់បង់​ស្នេហា​ រឺខក​បំណង​ក្នុង​រឿង​ស្នេហា ប៉ុន្តែ​ធាតុពិត​នៃ​ការ​ខូច​ចិត្ត​មិន​មែន​ព្រោះ​តែមូល​ហេតុ​មួយ​រឺពីរ ដែល​ចេញមកពី​ស្នេហា​នោះ​ទេ​។ វា​គឺជា​ជំងឺដែល​ត្រូវ​ការ​ព្យាបាល​ជាចាំបាច់។

មានបុរស​ក្មេង​ម្នាក់​បានសួរ​ខ្ញុំថា «តើ​លោក​ធ្លាប់​ខូចចិត្ត​ព្រោះស្នេហា​ដែរទេ? ព្រោះ​ខ្ញុំ​តែងសង្កេត​ឃើញថា លោក​តែង​និយាយ​ច្រើនពីរឿង​ខូចចិត្ត​?»។ ខ្ញុំ​យល់​ពី​សំនួរ​មួយ​នេះ ហើយ​ក៏​យល់​ពី​អ្នក​សួរ​ដែរ​ ប៉ុន្តែ​បើ​ខ្ញុំ​ឆ្លើយ​ ខ្ញុំ​មិន​ប្រាក​ដ​ថា តើ​អ្នកសួរ​នោះ​យល់​រឺមិនយល់​នោះ​ទេ​។

ខ្ញុំ​ឆ្លើយថា «តើ​អ្នក​ធ្លាប់​គិត​ថា ខ្ញុំ​ខូច​ចិត្ត​មែនទេ? ជាការពិត ខ្ញុំ​មិនដែល​ខូច​ចិត្ត​ព្រោះ​តែ​រឿងស្នេហា​នោះ​ទេ ព្រោះ​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ខូច គ្មានអ្វីត្រូវ​បាត់បង់​។ ប៉ុន្តែ​ខ្ញុំ​សូម​ឆ្លើយ​ចំលើយ​ត្រឹម​ត្រូវ​ថា ខ្ញុំ​បាន​រៀន​ និ​ងហ្វឹក​ហាត់​យ៉ាង​ច្រើន​អំពី​របៀប​នៃ​ការ​ខូច​ចិត្ត​ព្រោះរឿង​ស្នេហា ហើយ​ក៏​ហ្វឹក​ហាត់​នៅពេល​ដែល​រឿង​នេះធ្វើ​អោយខ្ញុំ​ឈឺចាប់​ដែរ។

ហេតុ​ផល​ខូច​ចិត្ត​គឺទំនង​ជា​ការបាត់បង់​របស់សំខាន់​ក្នុងឆាក​ជីវិត​។ រឿង​ក្នុងជីវិត​បាន​ចាប់​ផ្តើម​ឡើង​បន្ទាប់​ពី​អ្នក​ជាទីស្រលាញ់​បាន​ស្លាប់​ទៅ ពេល​នោះ​អ្នកខូច​ចិត្តណាស់ គឺ​ខូច​ចិត្ត​ដោយ​គ្មាន​លក្ខខ័ណ្ឌ។ ហេតុ​ផល​គឺថា អ្នក​ទំនង​ជា​មិនធ្លាប់​បាន​សិក្សា​​ រឺ​ហ្វឹក​ហាត់​​អារម្មណ៌​របស់​អ្នក​ នៅពេល​ដែល​អ្នក​ជួប​ការព្រាត់ប្រាស់​ រឺ​ការបែក​បាក់​។ ជាឧទហរណ៌ អ្នកច្បាស់​ជាដឹងថា ជីវិត​របស់​មនុស្ស «ស្លាប់​» គឹជា​ការព្រាត់ប្រាស់មួយ ប៉ុន្តែ​អ្នក​បែជា​មិនធ្លាប់​បានរៀន​គ្រប់គ្រង​អារម្មណ៌​របស់​អ្នក​នៅ​ពេល​ដែល​វាមកដល់ទៅវិញ​។ បើសិន​ជា​អ្នកបានរៀន​ រឺបាន​ហ្វឹក​​ហាត់​ អ្នកច្បាស់​ជា​យល់​យ៉ាងច្បាស់ថា ការ​យំ​សោក ស្តាយ​ស្រណោះ អាលោះ​អាល័យ គឺជា​សភាវៈ​ឥត​ប្រយោជន៌​ ព្រោះ​នេះគឺជា​​អនិច្ចលក្ខណៈភាព​ ដែល​បាន​ត្រាស់សំដែង​ដោយ​ព្រះ​សម្ពុទ្ធ​តាំង​ពី​ជាង​២ពាន់ឆ្នាំមុន​​មកម្លេះ​។

និយាយ​ចំពោះ​ការ​ខូច​ចិត្ត​ព្រោះស្នេហា​វិញ មានពាក្យ​សុភាសិត​មួយ​ឃ្លា​លើក​ឡើងថា «មាន​ស្នេហ៌ មាន​ទុក្ខ​» ដូច្នេះ​មានន័យថា អ្នកដឹង​មុនរួច​ហើយថា បើ​មាន​ស្នេហា​ អ្នក​នឹង​ត្រូវ​បាន​ទុក្ខ តែ​ហេតុ​អ្វី​អ្នក​មិន​ត្រៀម​ទប់ទល់​ រឺហ្វឹកហាត់​ការ​មានទុក្ខ រឺការ​ខូចចិត្ត​នោះ​ទុ​ក​មុន​ទៅ​?។

ចុង​ក្រោយ​ខ្ញុំ​ប្រាប់​អ្នកថា ខ្ញុំច្បាស់​ជា​ខូច​ចិត្ត​ បើ​សិន​ជា​ខ្ញុំបែក​បាក់ស្នេហា ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ធ្វើ​អោយ​ស្នេហា​បំផ្លាញ​ជីវិត​របស់​ខ្ញុំ​នោះ​ទេ។ លោក ស៊ីម៉ាអី អ្នក​យុទ្ធសាស្រ្ត និង​ជាមេទ័ព​សម័យ​នគរបី ក្នុងប្រវត្តិសាស្រ្ត​ចិន​បាន​និយាយថា «ខ្ញុំ​ឈឺចាប់អស់មួយ​ជីវិត តែខ្ញុំ​អាច​ស្វែងរក​ភាពរីករាយ​នៅ​ក្នុងការឈឺចាប់​នោះ​... ព្រោះ​ហេតុ​ផល​នេះ​ទើប​ខ្ញុំ​អាច​រស់​បាន​រហូត​»។

សរុប​មក​ អ្នក​ត្រូវ​រៀន​គ្រប់គ្រងការខូច​ចិត្ត និង​ហ្វឹក​ហាត់​វា​អោយ​ហើយ មុនពេល​វា​កើត​ឡើង​... ពេល​នេះ​អ្នក​នឹង​យល់ច្បាស់​ពីវា​មិនខាន៕



ដោយ ច. សម្បត្តិ​

Friday, October 20, 2017

កំណត់ហេតុប្រវត្តិសាស្រ្ត៖ ថ្ងៃទី១ មករា ១៩៧៩ កងកុម្ម៉ង់ដូពិសេស​វៀតណាម លួចឆ្មក់ចូលរាជវាំងកម្ពុជា


យោងទៅតាម​ការលើកឡើង​របស់លោក ណា​យ៉ាន់ ចាន់​ដា អ្នកនិពន្ធ​សៀវភៅ​«​បងប្អូន​ជាស​ត្រូវ សង្គ្រាម​ក្រោយ​សង្គ្រាម​»​បាន​លើក​ថា បន្ទាប់ពី​វៀតណាម​មាន​ទំនាក់ទំនង​អូសទាញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះរាជបុត្រ សម្តេច ព្រះ​នរោត្តម សីហនុ ដើម្បី​ចូលរួម​ក្នុង ចលនា​តស៊ូ ចូល​អន្តរាគមន៍​ក្នុងប្រទេស​កម្ពុជា​ពុំបាន វៀតណាម​ក៏​សម្រេចចិត្ត​វាយលុក​ចូល យ៉ាង​លឿន​នា​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៧៨ នោះ គឺ​ប្រើពេល​តែ ១២ ថ្ងៃ​ប៉ុណ្ណោះ​ក៏​វាយ​បែក​ទីក្រុង​ភ្នំពេញ (៧ មករា ១៩៧៩)។

គោលដៅ​ធំ​របស់​វៀតណាម​គឺ​ដើម្បី​ចំណេញ ៣ យ៉ាង គឺ ទី ១ ដើម្បី​ចូល​រំ​ដោះយក​សម្តេច ព្រះ​នរោត្តម សីហនុ ដើម្បី​ដឹកនាំ​ក្នុង​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​ដណ្តើម​ពី​ដៃ ប៉ុល ពត ។ ទី ២ គឺ​ដើម្បី​បញ្ចប់​របប​ខ្មែរក្រហម​កំពុង​ជាប់ផុង​នឹង​រឿង​អាក្រក់​យ៉ាងច្រើន​កុំ​ឲ្យ​កែប្រែ​លាង ខ្លួន ខណ​:​ពេល​ពួកគេ​បើកទូលាយ​ឡើងវិញ​ជាមួយ​អន្តរជាតិ ។ ទី ៣ គឺ​ដើម្បី​ចំណេញ​ហិរញ្ញវត្ថុ ដោយ​ប្រើ​យុទ្ធសាស្ត្រ​ចំណេញ​ច្រើន ។ ប៉ុន្តែ​បើតាម​ការស្រាវជ្រាវ​រប​ស់​អ្នកនិពន្ធ សៀវភៅ​នេះ​លើក​ថា គម្រោងការ​របស់​វៀត​ណា​ម​គឺ​បាន​ប្រើ​កម្លាំង​កុម្ម៉ង់ដូ​ពិសេស​របស់ខ្លួន ដើម្បី​សម្រុកចូល​ព្រះបរមរាជវាំង​ដើម្បី​រំដោះ​ព្រះអង្គ​តាំងពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៧៩ មកម្ល៉េះ គឺ​មុន​ការ​វាយ​បែក​ទីក្រុង​ភ្នំពេញ ៧ ថ្ងៃ​ឯណោះ ។​

លោក ប៊ុ​យ ទីន អតីត​និពន្ធ​នាយក​កាសែត​«​កងទ័ព​រំដោះ ប្រជាជន​វៀតណាម​»​និង​មាន ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក ផង​នោះបាន​ឲ្យ​ដឹងថា កង​កុម្ម៉ង់ដូ ពិសេស​នៃ​កងទ័ព​វៀតណាម ត្រូវបាន​បញ្ជូន​ចូល​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៧៩ ដើម្បី​ទៅ​រំដោះ សម្តេច ព្រះ​នរោត្តម សីហនុ ក្នុង​គោលបំណង​យាង​ព្រះអង្គ​មក​ដឹកនាំ រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ។​

លោក ប៊ុ​យ ទីន បាន​ឲ្យ​ដឹងថា​«​បាទ ! ជាការ​ពិតណាស់ គឺមាន​កង​កុម្ម៉ង់ដូ​ពិសេស​បានមក​ដល់ទី​ក្រុង​ភ្នំពេញ​នៅមុន​ពេលព្រឹក​ព្រលឹម ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៧៩ ក្នុង​បំណង​រំដោះ សម្តេច ព្រះ​នរោត្តម សីហនុ ក៏ប៉ុន្តែ​ពួកគេ​បានទទួល​បរាជ័យ ពីព្រោះ​ពេល​ពួកគេ​ទៅជិត​ដល់ ព្រះបរមរាជវាំង សម្តេច ព្រះ​នរោត្តម សីហនុ ទ្រង់​បាន​ចាកចេញ​ជាមួយ​ខ្មែរក្រហម​ឆ្ពោះទៅ ស្រុកថៃ​តាមផ្លូវ​ប៉ោយប៉ែត​បាត់ទៅហើយ​» ។​

​លោក ប៊ុ​យ ទីន បាន​បញ្ជាក់ថា កង​កុម្ម៉ង់ដូ​ពិសេស ទាំងនោះ​ពុំ​ត្រូវបាន​សម្លាប់​ដោយ​ពួក​ខ្មែរ ក្រហម​ទេ ។ ប៉ុន្តែ​បើតាម​លោក ណា​យ៉ាន ចាន់ថា យុទ្ធនាការ​វាយឆ្មក់​ដើម្បី​រំដោះ​យក សម្តេច ព្រះ​នរោត្តម សីហនុ របស់​កង​កុម្ម៉ង់ដូ​ពិសេស​នៃ​កងទ័ព​វៀ​តណ​ម មាន​ពីរ​ក្រុម​បានធ្វើ​ឡើង​នៅពេល​ទៀបភ្លឺ នៅ​ថ្ងៃទី ២ ខែមករា ឆ្នាំ ១៩៧៩ ។ ពួកគេ​ជិះ​កាណូត​កៅស៊ូ​ជាច្រើន​គ្រឿង​ឆ្លងកាត់​ដៃទន្លេ​សាប​តម្រង់​ទៅ​ព្រះបរមរាជវាំង ប៉ុន្តែ​ត្រូវ​កងទ័ព​ខ្មែរក្រហម​បាញ់​សម្លាប់ចោល ស្ទើរ​គ្មាន​សល់ ។​

បើតាម​លោក ណា​យ៉ាន ចាន់​ដា ដដែល ក្នុងចំណោម​កង​កុម្ម៉ង់ដូ​ពិសេស​ទាំងនោះ មាន​ម្នាក់ បានគេច​រួច​ទៅដល់​ប្រទេស​ថៃ ដែល​នៅ​ទៅនោះ​គេ​បាន​រាយការណ៍​អំពី​យុទ្ធនា​ការបរាជ័យ នេះ​ទៅដល់​ពួក​អ្នកកាសែត​បស្ចិមប្រទេស ។​

ទោះជា​យ៉ាងណាក៏ដោយ បើតាម​លោក ដេវីដ ឆេន​ល័​រ ប្រវត្តិវិទូ នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ពុំមាន ភ័ស្តុតាង​ណា​ជាក់លាក់​អាច​បញ្ជាក់បាន​អំពី​ការ​វាយឆ្មក់​ចង់​រំដោះ​យក សម្តេច ព្រះ​នរោត្តម សីហនុ នោះទេ ។ ប៉ុន្តែ​លោក ណា​យ៉ាន់ ចាន់​ដា បាន​លើក​ថា ៖ ថ្ងៃទី ២ ខែមករា ឆ្នាំ ១៩៧៩ ខណ​:​កងទ័ព​វៀតណាម​ចំនួន ១២ កងពលធំ វាយ​សម្រុក​យ៉ាង​ខ្លាំងក្លា​ពី​គ្រប់ទិសទី​តម្រង់​មក ទីក្រុង​ភ្នំពេញ មេដឹកនាំ​ខ្មែរក្រហម​បាន​ជម្លៀស សម្តេច ព្រះ​នរោត្តម សីហនុ និង សមាជិក រាជវង្សានុវង្ស​ទៅកាន់​ស្រុក​ស៊ីសូផុន ខេត្តបន្ទាយមានជ័យ​ជិត​ព្រំដែន​ថៃ ៕

--------------------------------------------------------------
ឯកសារដើម៖ https://dnt-news.com/new/politic/536

ការ​ដាក់ឈ្មោះតាមនាមសាស្រ្តខ្មែរ


ឈ្មោះ​ គឺជា​សម្មតិ​នាម ដែល​ប្រើសម្រាប់សំគាល់វត្ថុ​ មនុស្ស​សត្វ ទីកន្លែង ហើយ​វា​ក៏បង្ហាញពី​អត្តចរិត ទំនៀមទម្លាប់ វប្បធម៌​របស់​បុគ្គល​ និង​ជាតិ​សាសន៌​មួយ​ផងដែរ​។ ការ​ដាក់​ឈ្មោះ​មនុស្ស​របស់​ខ្មែរ ត្រូវ​បាន​ចងក្រង​ជា​របៀប​បែប​បទ​ត្រឹមត្រូវ និង​បង្ហាញ​ពីព្រលឹង​យ៉ាងពិត​ប្រាកដ​ បើទោះ​ជា​អ្នក​ទៅ​ដល់​ទីណា ក៏គេស្គាល់អ្នកថា​ជាអ្នកណា​។ ទាំងនេះ​ជា​វិធី​ងាយៗ ក្នុងការ​ដាក់ឈ្មោះ​អោយ​កូនៗ​របស់​អ្នក​ តាមថ្ងៃកំណើត​ទាំង​៧។ នាមសាស្រ្ត​ទាំងនោះ​មាន​....៖

១. ថ្ងៃ​ច័ន្ទ៖ ក ខ គ ឃ ង
     អ្នកអាចប្រើឈ្មោះដូចជា៖
     កល្យាណ ខេមរា  ខេមរី ខេមា គន្ធា ឃរណី ង៉ែត ង៉ុយ ង៉េន ងួន....

២. ថ្ងៃអង្គារ៖ ច ឆ ជ ឈ ញ
      អ្នកអាចប្រើឈ្មោះដូចជា៖
      ច័ន្ទ ចន្ទ្រា ចំណាន ចរណៃ ឆវី ឆវិន ឆពុំ ជនី ជននី ជីវ័ន ជីវ៉ា ឈាន
      ញាណ ញ៉ុក ញឹម....

៣. ថ្ងៃពុធ (ពេលថ្ងៃ)៖ ដ ថ ឍ ធ ណ
      អ្នកអាចប្រើឈ្មោះដូចជា៖
       ដានី ដេវីត ដារ៉ា (តារា) ដុំ ឌឹម ឌួង ណូរី ណូរ៉ា
      (ពេលយប់)៖ យ រ ល វ
      អ្នកអាចប្រើឈ្មោះដូចជា៖
      យស យានា យឹម យុវតី រិទ្ធី រីដា រីណា លាភ វណ្ណៈ វណ្ណនី វឌ្ឍនៈ វឌ្ឍនី

៤. ថ្ងៃព្រហស្បតិ៍៖ ប ផ ព ភ ម
     អ្នកអាចប្រើឈ្មោះដូចជា៖
     បូណ៌មី បូរ៉ា ផល្លា ផល្លី ផល្លិកា ពណ្ណរាយ ពន្លក ភក្តី មាណព មាណវី

៥. ថ្ងៃសុក្រ៖ ស ហ ឡ
     អ្នកអាចប្រើឈ្មោះដូចជា៖
     ហសកា សូរិយា សុរិន្ទ ហង្ស ហែម ឡុង ឡាយ ឡេង

៦. ថ្ងៃសៅរ៌៖ ត ថ ទ ធ ន
     អ្នកអាចប្រើឈ្មោះដូចជា៖
      តុលា តារា តរុណី តិណី ទេវី ទេវិន្ទ ទុំ ទាវ ធានី នរៈ នួន នារី

៧. ថ្ងៃអាទិត្យ៖ អ ឥ ឧ ឯ ឧិ
     អ្នកអាចប្រើឈ្មោះដូចជា៖
     អក្ខរា អច្ឆរា អន អឹម ឥសាន្ត ឧទ័យ ឯម ឯក

សូមបញ្ជាក់ថា ឈ្មោះដែល​មាន​ដូច​បានរៀបរាប់ខាងលើ​នេះ គឺគ្រាន់តែជា​ជាឈ្មោះឧទាហរណ៌ ប៉ុន្តែ​​ភាគ​ច្រើន​នៃ​គ្រប់ឈ្មោះទាំងអស់សុទ្ធ​តែ​មាន​ន័យ អាចប្រើការបាន​៕
     

មនុស្ស​៨​ប្រភេទ មិន​គួរ​រាប់រក​ រឺ​នៅ​ស្និទ្ធ​ស្នាល​ពេក​ទេ​


ពាក្យ​មួយ​ឃ្លា​បាន​លើក​ឡើងថា មនុស្ស​គួរតែ​ស្រលាញ់​អាណិត សន្តោស​ប្រោសប្រណី​គ្រប់​ៗ​គ្នា ប៉ុន្តែ​គួរ​ទុក​ចិត្ត​មនុស្ស​ខ្លះ​បាន​ហើយ​។ តួរ​យ៉ាង ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​បានប្រៀន​ប្រដៅ​មក​ថា មនុស្ស​៨​ជំពូក​មិន​គួរ​រាប់​រក​ស្និទ្ធ​ស្នាល​ពេក​ទេ ព្រោះ​មនុស្ស​​ទាំងនោះ​នឹង​នាំអ្នក​អោយ​ធ្លាក់​ក្នុង​អបាយមុខ​៤​។ មនុស្ស​៨​ជំពូក​នោះ​មាន..៖
  1. ធ្លាប់ធ្វើ​ជាចោរ
  2. មិត្ត​ភក្តិ​បែក​គ្នា​យូរ
  3. ស្តេច(មេ)
  4. ស្រ្តីមានអំណាច​ 
  5. ជន​ដែល​សាងតែអំពើអាក្រក់
  6. ជន​ដែល​និយាយស្តីមិនបាន​ការ ឡេះឡោះ ឡេម​ឡឺម ក្រឡិចក្រឡុច
  7. ជន​ដែល​មើលឃើញ​តែប្រយោជន៌​ផ្ទាល់ខ្លួន
  8. ជន​ដែល​មាន​មារយាទ​លាក់ពុត ល្បិចច្រើន មិនច្បាស់លាស់​

បុគ្គល​ទាំង​៨​ជំពូក​នេះ​ បើ​សិន​ជា​បានរាប់រក សេពគប់​ហើយ​ គួរ​កុំ​អោយ​បុគ្គល​ទាំងនោះ​ដឹងរឿង​ច្រើន​ពីយើង រឺ​ស្គាល់​សាច់​ញាតិ​សន្តាន​របស់​យើង ព្រោះ​ជាចរិតបុគ្គល​ទាំង៨ប្រភេទ​នឹងច្បាស់​ជានាំ​នូវ​ផល​ក្រហល់ក្រហាយ​ដល់​យើង និង​ក្រុម​គ្រួសារ​យើង​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​។ ពាក្យចាស់បុរាណ​ខ្មែរ​បាន​លើក​ឡើងថា គេ​អាច​សំលៀង​ដែកថែប​មក​ធ្វើ​ជា​ដាវ​កំបិត តែ​គេ​មិនអាចកែប្រែ​ចរិត​ខិលខូច​របស់​មនុស្ស​បាន​ទេ៕


Monday, October 16, 2017

មូល​ហេតុ​​នៃ​ «​អំពើ​ផិតក្បត់​» ក្នុង​​អំណៈ​អំណាង​អក្សរសិល្បិ៍​ខ្មែរ​​


អំពើ​ «ផិត» គឺជា​ការ​លួច​លាក់​មាន​ស្នេហា​ខុស​គន្លង​ ទៅ​លើ​ប្តី​ប្រពន្ធ​កូន​អ្នក​ដទៃ​។ អំពើ​ «ក្បត់​»​ គឺជា​ការ​លះ​បង់​ដៃ​គូ​ចាស់​ ចាប់​យក​ដៃ​គូ​ថ្មី​​ដោ​យ​​ហេតុ​ផល​​ ផលប្រយោជន៌ ស្នេហា រឺនិន្នាការ​នយោបាយ​។ សរុប​ពាក្យ​ទាំងពី​រចូល​គ្នា​ អំពើ​ «ផិតក្បត់​» គឺជា​ការ​លប​លួច​ លះបង់​ស្នេហា​ចាស់​ ផ្លាស់​យក​ស្នេហា​ថ្មី​ ដោយ​លាក់កំបាំង​ក្តី ដោយ​ចំហរ​ក្តី​​ នេះ​បើ​តាម​ការ​បក​ស្រាយ​ក្រៅ​ផ្លូវ​ការ​របស់​អ្នក​និពន្ធ​។
អំពើ ផិតក្បត់ មិនត្រូវ​បានគេចាត់ទុក​ជា​អំពើ​ល្អ​ប្រសើ​រ​នោះ​ទេ​ ហើយរូបភាព​នៃ​អំពើ​ផិត​ក្បត់​គេច្រើន​សំដៅ​ទៅ​លើ​ស្រ្តី​ដែល​មាន​ដៃគូស្នេហា ​ហើយ ហើយ​ទៅ​​លបលួច​មាន​ដៃគូ​ថ្មី​ គេហៅ​ថា ស្រី​ផឹត រឺស្រីក្បត់ រឺ​ស្រី​ផិត​ក្បត់​។ ចំនែកបុរ​សវិញ​ គេ​ច្រើន​ប្រើ​ពាក្យ​ «ទៅ​មានស្រី​» វិញ តែ​ពាក្យពីរនេះ​មានន័យ​ដូច​គ្នា​។​

ជាទូទៅ ​អំពើ​ផិតក្បត់​បានកើត​ឡើង​ដោយ​សារ​កត្តា​មួយ​ចំនួន​ក្នុងជីវិត​គូ ​របស់​មនុស្ស​ ដូចជា​ការ​មិន​ចុះ​សម្រុង​ផ្នែក​រាងកាយ ការ​មិនចុះ​សម្រុង​ភ្នែក​សុវត្ថិភាព ការ​មិនចុះ​សម្រុង​ភ្នែក​អារម្មណ៌ និង​មនោសញ្ចេតនា និង​ការ​មិនចុះ​សម្រុង​ផ្នែក​ជីវិភាព សេដ្ឋកិច្ច​ ប៉ុន្តែ​ការ​ផឹក​ក្បត់​ ក៏ក់ើត​ពី​ការ​យល់ច្រឡំ និងការមិន​មានទំនុកចិត្ត​គ្នា​ផងដែរ​។ ជាឧទាហរណ៌ ក្នុងរឿង «សព្វសិទ្ធឹ​» ចាបញី​យល់ច្រឡំ​ថា ចាបឈ្មោល​ មានអំពើ​លួច​លាក់​ផិត​ក្បត់​និង​ខ្លួន​ ដោយ​លួច​ទៅ​ប្រលោម​ប្រលែង​និង​ចាប​ញីដទៃ​ទៀត​ ក៏​សុខចិត្ត​លោត​ចូល​ភ្លើង តែ​មុន​នឹង​លោត​ក៏​បាន​តាំងសច្ចា​ប្រណិធាន​ថា នឹងមិន​និយាយរក​មនុស្ស​ប្រុស​ជាដាច់ខាត​នៅ​ជាតិ​ក្រោយ​។ នេះគឹជា​ការ​វិនាស​ប្រាស់ព្រាត់​គ្នា​ ដោយ​សារការ​យល់ច្រឡំ​រឿង​ផិត​ក្បត់​។
បើ​យើង​សង្កេត​តាមរយៈ​អក្សរសិល្ប៍​ខ្មែរ រឿង​បែបនេះវា​កើតមាន​តាំងពី​យូរយារ​ណាស់​មកហើយ​។ អ្នកនិពន្ធ​ខ្មែរ​យើង​ បានបង្ហាញ​ឱ្យឃើញថារឿង ​«​ផិតក្បត់​» វា​ផ្ដើមចេញពី​កត្ដា​ជីវសាស្ដ្រ ពី​សេចក្ដីត្រូវការ​ក្នុង​រឿង​កាមគុណ ដែល​គេ​និយម​ហៅថា​«​វិបត្ដិ​កាមគុណ​»​។ ជាទូទៅ​យើង​ឃើញ ការ​ផិតក្បត់​នេះ ច្រើន​កើតមានឡើង​ក្នុងករណី​ដែល​បុរស​ជា​ប្ដី​មិនបាន​បំពេញ​កាម​កិច្ច ជាមួយ​ភរិយា​ឱ្យបាន​គ្រប់គ្រាន់ ដូចជា​ក្នុងករណី​បុរស​មាន​ប្រពន្ធ​ច្រើន បុរស​មិន​រវល់​នឹង​កាម​កិច្ច ឬ​ខ្វះ​បច្ចេកទេស ឬ​ឃ្លាតឆ្ងាយ​ពី​ភរិយា​ជាដើម។​ ​យើង​មានរឿង​និទាន​ជាច្រើន​ដែល​ឆ្លុះបញ្ចាំង​តថភាព​បែបនេះ ដូចជា​៖
  • រឿង​«​ពស់​កេងកង​» ប្រពន្ធ​បាន​ក្បត់​ប្ដី​ទៅ​រួមរក្ស​ជាមួយ​សត្វ​ពស់​កេងកង ក៏​ព្រោះតែ​ប្ដី​ជា​អ្នកជំនួញ ដើរ​បាត់​ពី​ផ្ទះ​បួន​ប្រាំ​ឆ្នាំ​ទើប​មកជួប​ប្រពន្ធ​ម្ដង។​
  • ​រឿង​«​មាយាស្ដ្រី​» ប្រពន្ធ​ក្បត់​ប្ដី ក៏ដោយ​សារ​ប្ដី​នោះ​ជាម​នុស្ស​ដែល​មិន​រវល់​សោះ ក្នុង​រឿង​កាមគុណ សូម្បីតែ​ប្រពន្ធ​មាន​សា​ហាយ​ក៏​មិន​ដឹងផង។​
  • រឿង​«​កាកី​» កាកី​ក្បត់​នឹង​ព្រហ្ម​ទ​ត្ដ ក៏​ស្ថិត​លើ​មូលហេតុ​មិន​ខុសពី​នេះដែរ​។ ជាការ​ពិតណាស់​ដែលថា ព្រហ្ម​ទ​ត្ដ​ស្រឡាញ់​កាកី​យ៉ាងខ្លាំង ពេល​បាត់​កាកី​ព្រហ្ម​ទ​ត្ដ​កើតទុក្ខ នៅ​មិន​ស្ងៀម តែ​ក្នុង​ទំនាក់ទំនង​រស់នៅ​ជាមួយគ្នា​រាល់ថ្ងៃ​យើង​ឃើញថា ព្រហ្ម​ទ​ត្ដ​ពិតជា ពុំបាន​បំពេញ​កាម​កិច្ច​ឱ្យបាន​គ្រប់គ្រាន់​ដល់​កាកី​ឡើយ។​ ទី​១៖ ព្រហ្ម​ទ​ត្ដ ជា​ស្ដេច​ដែល​ចូល​ចិ​ត្ដ​លេងល្បែង​បាស្កា ភ្លេច​ពេលវេលា​សម្រាប់​ប្រពន្ធ។ ​ទី​២៖ ព្រហ្ម​ទ​ត្ដ ជា​ស្ដេច​មាន​ស្រីស្នំ​រាប់រយ ពោលគឺ​មិនមែន​មាន​ពេល​រួមរក្ស​តែ​ជាមួយ នាង​កាកី​នោះទេ​។​
រឿង​«​ផិតក្បត់​» គឺ​វា​កើតចេញពី​សេចក្ដីត្រូវការ​ផ្នែក​កាមគុណ ដែលជា​ច្បាប់ធម្មជាតិ​។ ឯ​នារី​ជាទូទៅ​ក៏​ដូចគ្នា​ដែរ តែងតែ​ត្រូវការ​បុរស​ម្នាក់​ជា​ស្វាមី ដែល​ចេះ​ថ្នាក់ថ្នម​នាង អាចបំពេញ​កាមតណ្ហា​ឱ្យ​នាង​បាន​គ្រប់គ្រាន់ បើ​ពុំ​នោះទេ ការ​ផិតក្បត់​វា​នឹង​កើតមាន។​ ​បើ​គិត​តាមច្បាប់​ធម្មជាតិ គេ​មិនត្រូវ​ដាក់ទោស​ចំពោះ​អំពើ​របៀបនេះ​ទេ តែ​ក្នុង​ស​ង្គ​មខ្មែរ​យើង អ្នក​ដែល​ប្រ​ព្រឹ​ត្ដិ​បែបនេះ​តែងតែ​ទទួល​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ។
តួរយ៉ាង​ក្នុងរឿង​ «កាកី» នាង​កាកី​ដែល​ត្រូវ​បាន​គេចោទ​ថា​ជា​ស្រី​ផឹតក្បត់​នោះ ត្រូវបាន​គេនិរទេស​ទៅ​កាន់​មហាសាគរ​ ជាមួយ​ទូក​តូច​មួយ​​ ហើយ​នាង​ក៏​បាន​បង់សង្ខារ​ក្នុង​មហាជលសារ​នោះទៅ​។ ចំនែក​ក្នុងរឿង​ពស់​ «កេងកង​» ក្រោយ​ពេល​ដែល​ដឹងថា​នា​ងជាភរិយា​សាហាយស្មន់​និង​សត្វពស់​ ក៏​បញ្ចេញ​ចេញ​ពី​ភូមិស្រុកអោយ​ទៅរស់​នៅ​ក្នុង​ព្រៃ​តែម្នាក់​ឯង​​។
ដោយឡែក រឿង «មាយាស្រ្តី​» អ្នក​និពន្ធ​ខ្មែរ​ហាក់ចង់បង្ហាញ​ពី​ឥទ្ធិ​ពល​នៃ​មន្ត​មាយា​ច្រើន​ជាង​ការ​ បង្ហាញ​ពី​ភាព​ផិត​ក្បត់​របស់​មនុស្ស​ស្រី ប៉ុន្តែ​ក៏​បង្ហាញពី​​ភាព​ល្ងង់​ឆោតរបស់​ស្វាមី​ដែល​មិន​យល់​បន្តិច​សោះ​ ក្នុង​ការ​ស្វែង​យល់ពី​ឥរិយាបថ​របស់​ភរិយា​ ដូច្នេះ​អ្នក​និពន្ធ​មិន​បាន​ផ្តល់​ទោស​បញ្ញតិ្ត​​សម្រាប់​ការ​ផឹត​ក្បត់​ ក្នុង​មន្ត​មាយា​នេះដែរ​។
ជារួម​ គ្មានរូបមន្ត​សម្រាប់​បញ្ចប់​ភាព​ផិត​ក្បត់​របស់​មនុស្ស​បាន​ទេ ព្រោះ​តែ​មត្រូវ​ការ​ផ្នែក​កាមគុណ ផ្នែក​សុវត្ថិភាព​ផ្លូវ​ចិត្ត និង​កត្តា​ទ្រព្យសម្បត្តិ និយាយ​អោយចំ​គឺ​កាល​ណា​មនុស្ស​នៅ​តែ​​មិន​អាច​លះបង់​​កាមរាគៈ​ទេ មនុស្ស​នៅ​តែ​ធ្វ់ើរឿង​ផិត​ក្បត់​។ ប៉ុន្តែ​អ្វី​ដែល​អាច​ជួយ​បាន​គឺ ដៃគូស្នេហា​ត្រូវ​ហ្វឹក​ហាត់​អោយមែនទែន ក្នុងការ​ផ្តល់​នូវតម្រូវការ​អោយ​គ្នា​ទៅវិញទៅ​មក ស្វែង​យល់ សាក​សួរ​ពីអ្វី​ដែល​គ្នា​និងគ្នា​ចង់​បាន​ ពីព្រោះ​បើ​អ្នក​និយាយ​ចេញ​មក​ រឺអ្នក​សំណូម​ពរ​វា នោះ​អ្នក​នឹង​មានវិធីដោះស្រាយ​ ជាជាង​ការ​លាក់ទុក ហើយ​ទៅ​លួចលាក់​ក្រោយខ្នង បង្ករ​ជា​ភាពរកាំរកូស​អូសដំណើរ​ឈានដល់​ការបែក​បាក់​ ធ្វើអោយជីវិត​ជាតិ​នេះ​ក្លាយជាល្វីងជូរចត់​អត់​​ន័យ​ខ្លឹម​សារ​ទៅ​វិញ​។
ដើម្បីអាចរស់​នៅជាមួយ​គ្នា​បានជាប់​លាប់​ ប្រកប​ដោយសុមង្គល​ ប្តី​ប្រពន្ធ​ត្រូវ​អត់ទ្រាំ និង​រក​វិធីដោះស្រាយ​នូវ​រឿង​មួយ​ចំនួន​ដូចជា​..៖
  • ការដេក​ស្រមុក​ និង​ក្លិន​មាត់ ក្លិន​ខ្លួន ក្លិន​ស្រា រឺបារី​​៖ វិធី​ដោះ​ស្រាយ​គឺ​ត្រូវ​ប្រាប់​សាម៉ី​ខ្លួន​អោយដឹង​ រឺរក​ថ្នាំព្យាបាល​មកអោយគេ
  • ភាពគ្មានសណ្តាប់ធ្នាប់​៖ វិធីដោះស្រាយ​ ត្រូវ​និយាយដោយទន់​ភ្លន់ថា ខ្ញុំ​ចូលចិត្ត​របស់នេះ​ នៅ​កន្លែង​របស់វា​
  • ការ​ចូលដេកយឺត៖​ វិធីដោះ​ស្រាយ ត្រូវ​និយាយពី​សុខភាព​
  • ការរួមភេទតក់ក្រហល់ រឺ​មិនខ្វល់​ពី​អារម្មណ៌អ្នក​៖ វិធីដោះស្រាយ​ ត្រូវ​ប្រាប់​ពីចំណូលចិត្ត​របស់​អ្នកចំពោះគេ រឺ​ស្នើសុំ​គេ​ អោយអ្នកជាអ្នកចាប់​ផ្តើម​វិញ​
  • ការចូលចិត្ត​មានមិត្តភក្តិ​ គូកន​ បន​ភឿន​ មក​លេងញឹក​ញ៉ាប់​៖ វិធីដោះស្រាយ​ ត្រូវ​បង្ហាញ​អារម្មណ៌ពេញចិត្ត​ជានិច្ច តែ​ត្រូវ​ប្រាប់ពី​ចំណូលចិត្ត​របស់​ខ្លួនឯង​អោយដៃគូដឹង​​វិញ​
  • ការ​ដើរ​លេង​ចោល​ផ្ទះ​សំបែង៖ វិធីដោះ​ស្រាយ ត្រូវសួរនាំពីមូលហេតុ​នៃ​ការ​ដើរ​បាត់ពីផ្ទះ តែកុំ​ឈ្លោះ​ ត្រូវ​រៀបចំ​អាហារ រឺរងចាំ​គេ​គ្រប់ពេលវេលា​
  • ការ​ចាយវាយ​មិន​ចេះ​គិត​គូ៖ វិធីដោះស្រាយ​ ត្រូវ​ប្រាប់​ពីហេតុ​ផល​ដែល​ត្រូវ​តែ​សន្សំក្នុងករណី​អ្នកទ្រាំ​លែង​បាន​ អ្នក​គួរតែទៅរក​អ្នកឯកទេស​ដើម្បីជួយរក​វិធីដោះ​ស្រាយ​ អ្នក​មិន​ត្រូវ​ទ្រគោះ​បោះបោក រឺ​ធ្វើ​តមតាម​ដើម្បី​ឌឺដង​ដាក់គ្នា​នោះទេ ព្រោះ​ទង្វើ​ទាំងនោះ​ និងឈាន​ទៅការ​ផិត​ក្បត់ ចុង​ក្រោយ​គឺការបែកបាក់​។
សូម​ចង់ចាំពាក្យខ្ញុំ​៖ អ្នកគួរតែនិយាយ​គ្នា​អោយ​បាន​ច្រើន​នៅ​មុនពេល​គេង... ពីព្រោះ​គ្រែ​មួយ​ ខ្នើយ​មួយ គឺជា​កន្លែង​ប្រជុំ​របស់​អ្នក​ទាំងពីរ​ ដើម្បីស្វែងរក​ដំណោះ​ស្រាយ​ក្នុង​ឆាកជីវិត​។ អ្នក​មិន​ត្រូវ​យក​​រឿង​គ្រួសារ​របស់អ្នក​​ទៅ​និយាយ​នៅ​លើ​គ្រែ​ផ្សេង​នោះទេ ​..៕

ដោយ ច. សម្បត្តិ​

Saturday, October 7, 2017

នារី​ក្នុង​យុគ​សម័យថ្មី​




ទំនោរចិត្ត និងទំនៀម​ទំលាប់​ចាស់ៗ​មួយ​ចំនួន​ត្រូវ​បាន​ផ្លាស់ប្តូរ រឺ​លុបបំបាត់​ចោល​បន្ទាប់ពី​ពិភព​លោក និង​មនុស្ស​បាន​ដើរ​មកដល់​សម័យ​កាល​មួយ​ដែល​គេ​និយាយថា ការ​ផ្តល់​លើជំនឿ​ខ្លួន​ឯង ជំរើស​ខ្លួនឯង និងទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង​។ រឿង​ទាំងនេះ​បាន​ផ្តោតសំខាន់​ទៅ​លើ​កត្តា​ ទំនៀម​ទម្លាប់​ និងទំនោរចិត្ត​របស់​មនុស្ស​​ទាំងឡាយ​ ដែល​រស់នៅ​ប្រទេស​ដែល​មានការអភិវឌ្ឃន៌​ខ្ពស់ និងមធ្យម​។

ចំពោះ​នារី​ៗ​ក្នុងយុគ​សម័យថ្មីនេះ ក៏បាន​ដើរ​មក​ដល់​ចំនុច​មួយ​ដែល​មានកំលាំង​គ្រប់គ្រាន់​ក្នុងការ​ប្រជែង​ជាមួយពួក​បុរស​ៗ​ដែរ។ កត្តា​ដែលសំខាន់សម្រាប់​ពួក​គាត់​ គឺ​ការ​បង្ហាញ​នូវសេរីភាព​ក្នុង​ការ​ស្វែងរក​ដៃ​គូស្នេហា និងការរួមភេទ និង​ការ​​ស្វែងរក និងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​។

វា​មិនមែន​ជារឿងចំលែក​ទេ នៅពេល​ដែល​នារី​ទាំងឡាយ​ស្វែង​រក​ការរស់​នៅ​តាម​បែប​សេរី​ភាព​និយម ប៉ុន្តែ​នារី​នៅ​តែ​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដែល​មានដូចជា ការ​បោក​ប្រាស់ ការ​ចាប់បង្ខំ ការ​ប្រើប្រាស់​ហឹង្សា​ ពីសំណាក់បុរស ពីព្រោះ​ធម្មជាតិ​ពិត​ជា​មិន​បាន​ផ្តល់​កំលាំង​១០០%​ក្នុង​ការ​ធ្វើអោយស្រ្តី​អាច​ការពារ​ខ្លួនឯង​បាន​ទេ​ ដូច្នេះ​មិនថា​ស្ថិត​ក្នុងស្ថាន​ភាព​ណា យុគសម័យ​ណា ទំនោរសង្គម​បែប​ណា នារី​នៅតែ​ជា​សមាសភាព​ដ៏ទន់ខ្សោយ​ក្នុង​ការ​គ្រប់​គ្រង​សុវត្ថិភាព​ ផ្ទាល់ខ្លួន ព្រោះ​ហេតុ​នេះ​ហើយ​ទើប​នារី​ៗ​ភាគ​ច្រើន​បាន​ផ្តេកផ្តួល​ទៅ​តាម​កំលាំង​របស់បុរស​។

ទោះជាបែបនេះក្តី នារីសម័យថ្មី​ប្រាថ្នាចង់បាន​សេរីភាព ដែល​កើត​ចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួន​ដូចជា​បុរស​ដែរ​។ ក្នុង​ពេល​ដែល​បច្ចេកវិទ្យា​ទំនាក់ទំនង​សង្គម​កាន់​តែរីកចំរើន នារី​សម័យថ្មី បាន​ទទួល​យក​នូវ​បទពិសោធន៌ពីគ្នា​ទៅវិញ​ទៅ​មក​ និង​បាន​បង្ហាញ​ថា ពួក​នាង​ពិត​ជា​មាន​មូលដ្ឋា​ន​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រងជីវិត​ខ្លួនឯង​បាន​។ ទំនោរនេះ​បាន​ធ្វើ​អោយ​ទំនៀមទម្លាប់មួយ​ចំនួន​ត្រូវ​បាន​កែប្រែ​ រឺត្រូវ​បំភ្លេច​ចោល​ បើទោះ​ជា​​គំនិត​នៃ​ទំនៀម​ទម្លាប់​នោះ​​​បានបង្កប់តំលៃ​ដ៏ធំធេងចំពោះ​តំលៃ​ស្រ្តី​ភាព​ក៏ដោយ​។

ការស្វែងរក​ដៃគូ​ក៏ជា​កត្តា​មួយ​ទៀត ដែល​នារីសម័យថ្មី​ចាត់ទុកជា​របស់ទីមួយ​ដែល​ពួក​នាង​ត្រូវ​គិត​ និង​ចង់​ធ្វើ​វា​អោយ​ស្មើ​ភាព​ជាមួយ​បុរស​ ប៉ុន្តែ​កត្តា​ធម្មជាតិ និង​ជីវសាស្រ្ត​ ហាក់​ដាក់​កម្រិត​នារី​ទាំង​ឡាយ​នៅ​ត្រឹម​តែ​កម្រិត​មួយ​ ក្នុងនោះ​រួម​មាន​ កត្តា​ប្រពៃណី សាសនា ច្បាប់​ និង​តំនរ​ពូជ​។ ​តែ​ជា​ការ​ពិត ចំពោះ​ជីវិត​គូ រឺ​ការ​រៀប​ការ រឺ​ការស្វែងរក​ដៃ​គូ​ ពួក​នាង​មិន​ត្រូវ​ការ​ការ​រៀប​ចំ​ចាត់ចែង​តាម​រយៈ​គ្រួសារទៀត​ទេ ព្រោះ​ពួកនាង​យល់ថា ការ​រៀបចំ​ដោយ​គ្រួសារ រឺឳពុ​ក​ម្តាយ​គឺ​ជា​កំហុស​ដែល​នាង​តែម្នាក់គត់​ជា​អ្នក​រាប់រង​ ដូច្នេះ​ចង់​មិនចង់ នាង​ត្រូវ​សម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង​។

ប៉ុន្តែបើយើង​ក្រឡេក​ទៅ​កាន់​ពិភពលោកម្ខាង​ទៀត រឺ​មើល​ទៅ​កាន់​បណ្តា​តំបន់ រឺប្រទេស​ដែល​កំពុង​តែ​ក្រីក្រ​​នៅឡើយ អ្វី​ដែល​យើង​បាន​រៀបរាប់​មក​ខាង​លើ​នោះ ហាក់​ខុស​ស្រឡះពី​គោលបំណង​ពិត​របស់​នារី​ៗ​ក្នុង​តំបន់​នោះ​។ ការ​ប្រឈម​ជា​ច្រើន​ ដូចជា​ជីវភាព អប់រំ ការ​រំលោភបំពាន ការ​ជួញដូរ​ គឺ​ជា​ចំនុច​គ្រោះថ្នាក់បំផុត​របស់​ពួកគាត់​ ដូច្នេះ​តើ​អោយពួកគាត់​ទៅ​​គិត​ស្វែងរក​សេរីភាព​ឯណា​បាន​? ប៉ុន្តែ​​តើ​វា​ជាកំហុស​របស់ពួកនាងមែនទេ?

តើ​នៅ​មានអ្វីខ្លះ​ទៀត​ដែល​នារីសម័យ​ថ្មី​ត្រូវការ​?

Monday, September 18, 2017

ស្ថានភាព​ឆ្នាំ ២០១៣-២០១៧ - តើ​កម្ពុជា​អាច​និង​ធ្លាក់​ទៅ​ក្នុង​ឆ្នាំ​សូន្យ​ម្តង​ទៀត​មែនទេ?​


ស្ថានការណ៌នយោបាយ និង​ការប្រែប្រួលនៃ​ផ្នត់គំនិត​របស់​មនុស្ស​សម័យ​ទំនើប​ បានធ្វើអោយ​វិបត្តិ​ធ្ងន់ធ្ងរ​ជាច្រើន​បាន​កើត​ឡើង​នៅជុំវិញ​ពិភពលោក​ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ការ​ប្រែប្រួល​ខ្លាំង​នោះ​គឺ​ពិភព​លោក​មិនមែន​សេរី​។ ដោយ​ឡែក​នៅ​កម្ពុជា ស្ថានការណ៌​នយោបាយ​ និង​សង្គម​បច្ចុប្បន្ន (2017) ហាក់​ធ្វើអោយ​គេ​ឯង​យល់​ឃើញ​គ្រប់​គ្នាថា វាអាច​នឹង​នាំ​កម្ពុជា​អោយជាន់​ដាន​ប្រវត្តិសាស្រ្ត​នៃ​ឆ្នាំ​សូន្យ​សារ​ជាថ្មី​។ តើ​កម្ពុជា​អាច​និង​ធ្លាក់​ទៅ​ក្នុង​ឆ្នាំ​សូន្យ​ម្តង​ទៀត​មែនទេ?​


មុន​នឹង​ឆ្លើយ​សំនួរនេះ យើង​សូម​ធ្វើ​ការ​ប្រៀបធៀប​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៦០ និង​កម្ពុជា​ក្រោយ​ឆ្នាំ ២០១៣ ហើយ​វាស់​ទំងន់នៃ​ស្ថានការណ៌​នយោបាយ​ក្នុង​ពិភពលោក និង​ក្នុង​តំបន់​ជាមុន​សិន​។ អំណៈ​អំណាង​នៃ​ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង​តាមរយ៖

១. ស្ថាន​ភាព​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៦០

ក្នុង​ទ.សទី៦០ នៅ​កម្ពុជា​បាន​ផ្ទុះ​បាតុកម្ម​ហឹង្សា​ជាច្រើន​ ប្រឆាំង​និង​និគម​ជន​វៀតណាម​នៅ​លើ​​ទឹក​ដីកម្ពុជា​ ធ្វើអោយ​មាន​ការ​កាប់សម្លាប់​ ឆក់​ប្លន់ យ៉ាងអាណាធិបតេយ្យ​ ដោយ​គ្មាន​ការរារាំង​។ ស្ថាន​ភាព​នេះ​បានបង្ករឡើង​ ក្នុង​យុទ្ធសាស្រ្ត​នយោបាយ​បោស​សំអាត​ចារកម្ម​បរទេស​ ជាពិសេស​វៀតណាម​ ដែលជា​អ្នកជិត​ខាង​កម្ពុជា​ តបតាមអ្វី​ដែល​ក្រុមបក្ស​កុម្មុយនិស្ត​កម្ពុជា​ បានធ្វើការប្រឆាំង​នឹង​រដ្ឋា​ភិបាល​អព្យាក្រិត្យ​របស់​សម្តេច​នរោត្តម​សីហនុ​ ចង់​រុញ​ទ្រង់​អោយចូល​ទៅ​ក្នុង​បក្ស​ឥណ្ឌូចិន ដែលមាន​វៀតណាម​ជា​បងធំ​។ ហើយ​​ទន្ទឹមនឹងនោះ ឥទ្ធិពលនៃ​សង្គ្រាម​វៀតណាម ដែលបានចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ១៩៥៩ ដែល​បានក្លាយ​ជា​សង្គ្រាម​ឥណ្ឌូចិន​ ដើម្បីទាមទារ​ឥទ្ធិពល​គ្រប់គ្រង​ពី​ក្រុម​ប្លុក​សេរី និង​ក្រុម​ប្លុក​កុម្មុយនិស្ត្​នោះ បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​នយោបាយ​​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​​។ គំនិត​នៃ​ការ​បែង​ចែក​ពួក ស្តាំ​និយម និងឆ្វេង​និយម​ បានចាប់ផ្តើម​ឡើង​ក្នុង​សង្គម​កម្ពុជា ដែលប្រការ​នេះ​បាន​ធ្វើអោយ​សម្តេច​សីហនុ ប្រើ់ប្រាស់​នយោបាយ​បន្សុទ្ធកម្ម​​ក្នុង​ជួរ​មន្ត្រី​របស់​ទ្រង់​ ដែល​ជា​ហេតុ​ធ្វើអោយ​មាន​ការបែកបាក់ផ្ទៃ​ក្នុងយ៉ាង​ខ្លាំង​។ ឆ្លៀត​ពេល​នោះ ក្រុម វៀតកុង ដែលប្រឆាំងរដ្ឋាភិបាល​ គាំទ្រ​ដោយ​វៀតណាម​ និង​សហរដ្ឋ​អាមេរិក​ បាន​បង្កើ់ត​អោយ​មាន​ចល​នា សាធារណរដ្ឋ​ខ្មែរ​ និង​បង្កើត​ទ័ព​ព្រៃ​កម្ពុជា ដែលសម្តេច​សីហនុហៅថា «ខ្មែរក្រហម»​។ ស្ថានភាព​កម្ពុជា​នៅ​ពេល​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​ភាពច្របូកច្របល់​គួរ​អោយខ្លាច​..៖

  • ក្រុម​និយម​សាធារណៈរដ្ឋ​ ដែលមានអាមេរិក​នៅ​ក្រោយខ្នង​
  • ក្រុម​និយម​កុម្មុយនិស្ត​ដែលមាន​ចិន​នៅពីក្រោយខ្នង​
  • ទ័ពព្រៃ​ខ្មែរក្រហម​ ដែលបានបើក​ការ​វាយប្រហារ​របស់​ខ្លួន មក​លើក​រដ្ឋាភិបាល​ភ្នំពេញ​នៅថ្ងៃ​ទី ១៨ មករា ១៩៦៨ បង្ខំ​អោយ​សម្តេច​សីហនុ​ពិចារណា​ឡើង​វិញ​នូវទំនាក់ទំនង​ចិន និង​កម្ពុជា។ ការ​វាយ​ប្រហារ​​​លើក​ទី​១នេះ ធ្វើអោយ​ទ្រង់​យល់​ឃើញថា កិច្ច​ព្រមព្រៀង​របស់ទ្រង់​ជា​មួយ​ចិន​ គឺ​គ្មាន​ប្រសិទ្ធឹ​ភាព​ក្នុងការ​ទប់ស្កាត់​ការ​ឈ្លាន​ពាន​ពីសំណាក់វៀតណាម​មក​លើ​កម្ពុជា​ទេ​។
  • រាស្ត្រប្រជា​បាត់បង់​ទំនុក​ចិត្ត​លើ​សមត្ថកិច្ច​ ក្រោយ​មាន​ការ​បង្ក្រាប​ដ៏ឃោរឃៅ​មួយ​ពី​កំលាំង​អាជ្ញាធរ​របស់​លោក​សេនាប្រមុខ​លន់​ ណុល ទៅ​លើ​អ្នក​ភូមិ​នានា​ នៅ​តំបន់សំឡូត​ ក្នុង​មហា​បាតុកម្ម​ឆ្នាំ ១៩៦៧។ 
  • វិបត្តិ​សេដ្ឋ​កិច្ច​ធ្ងន់ធ្ង​ ជាពិសេស​គឺ​ទ្រង់សីហនុ​បានជាប់ពាក់ព័ន្ធ​និង​ការ​ឧបត្ថម្ភ​ដល់​កងទ័ព​វៀតណាម​ប្រឆាំងអាមេរិក​ ដែលជា​ចំនុច​រសើបបំផុត​ក្នុង​តំបន់ និង​ពិភពលោក​ ជាពិសេស​គឺ​ប្រជាជន​កម្ពុជា​ផ្ទាល់​។
  • រដ្ឋប្រហារ​ដ៏ធំ​មួយ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី សេនាប្រមុខ លន់ ណុល ដើម្បីទំលាក់​សម្តេច​សីហនុ​ចេញពីតំនែង​ បង្ករ​អោយ​មាន​ការ​ខឹងសម្បារយ៉ាង​ខ្លាំង​ពី​ប្រជាជន​តាម​បណ្តាខេត្ត​នានា​ដែល​គោរពស្រលាញ់​ទ្រង់​ ជា​ហេតុ​ធ្វើ​អោយ​ទ័ពព្រៃ «ខ្មែរក្រហម​» ឆ្លៀត​ឳកាស​ពេល​នេះ​ដើម្បី​ប្រមូល​យក​ប្រជាប្រិយភាព អូសទាញ​អ្នកភូមិអ្នក ស្រុក អោយងើប​ប៉ះបោរ​ ប្រឆាំង​ចក្រពត្តិ​អាមេរិក ជួយ​សម្តេច​ឳរបស់​ពួកគេ​អោយ​ចូលស្រុកវិញ​ ហេតុ​នេះ​ហើយ កំលាំងទ័ព​របស់ខ្មែរក្រហម​បាន​កើនឡើង​ពី១៤,០០០នាក់ នៅឆ្នាំ១៩៧០ ដល់ ៧០,០០០នាក់នៅឆ្នាំ១៩៧៥ ប៉ុន្តែលោក John M. Del Vecchio  អ្នកនិពន្ធ​អាមេរិកថា កំលាំង​ខ្មែរ​ក្រហម​មាន​រហូត​ដល់ទៅ ១០០,០០០ នាក់​នៅមុនពេលអាមេរិក​ទំលាក់គ្រាប់បែក​នៅភាគ​ខាងកើត​នៃកម្ពុជា​។
  • ថ្ងៃទី​១៧ មេសា ១៩៧៥ កងទ័ពខ្មែរក្រហម ដែលមានចិន​នៅពីក្រោយ​បាន​ទទួលជ័យជំនៈ ហើយ​ដើម្បី​រក្សា​ជំហរនៃ​ការសន្យា​ មេដឹកនាំ​នៃ​ក្រុម​នេះ​បាន​បង្ខំ​អោយ​សម្តេច​សីហនុ យាង​ចូល​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​គំរាម​កំទេច​រាជដំណាក់ និង​សម្លាប់​រាជវង្សានុវង្ស​ទាំងអស់​របស់​ទ្រង់​។
  • ការ​សម្លាប់រង្គាល ដោយ​ការ​ធ្វើទារុណកម្ម សម្លាប់​ បង្អត់អាហារ​​ក៏​បានកើត​ឡើង​។ ហើយ​ស្ថាន​ការណី និង​ផ្ទៃ​រឿង​ទាំងអស់​នេះ ត្រូវ​បាន​ក្រុមមេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​មាន​ ប៉ុល ពត ជាប្រធានរដ្ឋ​ ទំលាក់​ទាំងស្រុង​ទៅ​លើ​វៀតណាម ហេតុដូច្នេះ សង្គ្រាម​កម្ពុជា​-វៀតណាម​ ក៏​បាន​ផ្ទុះ​ឡើង​សារជាថ្មី និង​ជាបន្ត​បន្ទាប់​រហូត​ដល់​ថ្ងៃ​ ៨ មករា ១៩៧៩ ដែល​ខ្មែរក្រហម​ត្រូវ​បាន​ដួលរលំ បន្ទាប់ពី​កងទ័ពវៀតណាម​ធ្វើការ​លុក​លុយ​កម្ពុជា​បាន​សម្រេច​។
  • ស្ថានការណ៌ក្រោយឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩១ នឹងត្រូវសិក្សា​នៅ​ពេល​ក្រោយ... 
ជាសរុប​មក នៅ​ក្រោយពេល​ដែល​សម្តេច​សីហនុ ធ្វើការ​ទំនាក់ទំនង​ជាមួយ​ចិន ក្នុងគោលបំណង​គាប​សង្កត់វៀតណាម​បាន​បរាជ័យ ទ្រង់​ក៏​បង្កើត​ទំនាក់ទំនង​ជាមួយ​អាមេរិក​សារជាថ្មី​។ អ្វីដែល​យើង​មើល​ឃើញ​នៅ​ក្្នងការសិក្សា​នេះ​នោះ​គឺ ចិន​ ទោះជាស្ថិត​នៅ​ក្នុងស្ថានភាព​ណា​ក៏ដោយ ក៏​ចង់អូស​ទាញ​កម្ពុជា​ចូល​ទៅ​ក្នុង​បក្ស​កុម្មុយនិស្ត​របស់ខ្លួន​ រឺ​ជួយវៀតណាម​អោយសម្រេច​​មហិច្ឆិតា​ក្នុងការ​បង្កើត​បក្ស​កុម្មុយនិស្តឥណ្ឌូចិន ដើម្បីពង្រីកដែនកុម្មុយនិស្តរបស់ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៌។ នៅ​គ្រា​ដែល​ដឹងថា សម្តេច​សីហនុ ហាក់​ងាកចេញ​ពីខ្លួន​ហើយ ចិន​បាន​បង្កើតទំនាក់ទំនង​នេះ​ជាមួយ​ក្រុម​ប្រឆាំង​សីហនុ ដើម្បី​បន្ត​យុទ្ធនាការ​ពង្រីកដែនមនោគមនវិជ្ជារបស់ខ្លួន​ទៀត​។ កត្តា​នេះ​ហើយ គឺជា​ផ្នែក​មួយ​ក្នុងចំណោម​រាប់​សិប​ទៀត រុញ​កម្ពុជា​អោយធ្លាក់ចូល​ក្នុង​ឆ្នាំសូន្យ​។

២. ស្ថានភាពកម្ពុជា​ក្រោយឆ្នាំ ២០១៣

អំណៈអំណាង​នៃការសិក្សា​នេះត្រូវ​បាន​ធ្វើឡើង​តាមរយៈ..
ចាប់​តាំង​ពី​ក្រោយ​ទទួល​បាន​សន្ធិសញ្ញា​សន្តិភាព​ក្រុង​បារីស ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ មក​ ប្រទេស​កម្ពុជា​ចាប់ផ្តើម​បើក​ទំព័រប្រវត្តិសាស្រ្ត​ថ្មី​របស់ខ្លួន​ គឺ​ការ​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស រឺ​ប្រទេស​ដែល​ប្រកាន់របប​ប្រជាធិតេយ្យ អាស្រ័យរដ្ឋ​ធម្មនុញ្ញ​។ ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ គឺ​ជា​ច្បាប់​ទី​១​របស់​លទ្ធិប្រជាធិបេយ្យ​ ហេតុនេះ​ហើយ ចាប់​តាំង​​ក្រោយឆ្នាំ ១៩៩១ មក​ កម្ពុជា​បាន​អនុវត្តន៌​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​របស់ខ្លួន​ អស់​៥លើក​រួច​មក​ហើយ​ គិត​ត្រឹម​ឆ្នាំ ២០១៣ និងដើមចុង​ឆ្នាំ ២០១៧។ ហើយ​នៅ​ឆ្នាំ​២០១៨ កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​របស់​ខ្លួន​លើកទី​៦​ ប៉ុន្តែ​ស្ថានការណ៌​នយោបាយថ្មី​ៗ ជាច្រើន​បានកើត​ឡើង​ក្នុងប្រទេសកម្ពុជា និង​ស្ថានភាព​ពិភពលោក​ក៏​ចាប់ផ្តើម​ប្រែប្រួល​រង្គោះរង្គើ​រដោយ​កន្លែង​ ធ្វើអោយ​ប្រជាជន​មាន​ការ​ព្រួយ​បារម្ភថា កម្ពុជា​អាច​នឹងធ្លាក់ចូល​ទៅ​ឆ្នាំសូន្យ​សារជាថ្មី នៅក្រោយ​ទំនាក់ទំនង​កម្ពុជា និង​ចិន កាន់តែ​រីកធំ និងទំនាក់ទំនង​ជាមួយ​លោកសេរី​កាន់តែរួមតូច​។ ក្នុងនោះ​ អ្វីដែលជាសញ្ញា​ដ៏អាក្រក់​នៅ​ក្រោយឆ្នាំ​ ២០១៣​នោះ គឺ​រូបភាព​នៃអំពើហឹង្សា​លើ​ពលរដ្ឋ​ស្លូតត្រង់​ ការ​រឹតបន្តឹង​សិទ្ធឹសេរីភាព​នយោបាយ បញ្ចេញមតិ និង​សេរីភាព​សារពត៌មាន​ជាដ់ើម​ ដែលជា​ហេតុ​ធ្វើអោយកម្ពុជា​មានចំណាត់​ថ្នាក់មិនល្អ​ចំពោះស្ថានភាព​ប្រជាធិតេយ្យ និង​សិទ្ធឹមនុស្ស​ក្នុងក្រសែភ្នែក​អ្នកប្រជាធិបតេយ្យ​។

រឿងរ៉ាវ​សំខាន់ៗ​មួយ​ចំនួន​នៅក្រោយឆ្នាំ​២០១៣ នោះមានដូចជា..៖
  • ការបាញ់សម្លាប់​បាតុករ​នៅ​ស្ពានអាកាសក្បាលថ្នល់
  • ការ​បង្ក្រាបដ៏ឃោរឃៅ​លើ​ហ្វូង​បាតុករ​ដែលជាកម្មករ​នៅផ្លូវវេងស្រេង​
  • ការ​បង្ក្រាប​ដ៏ឃោរឃៅ​លើហ្វូងបាតុករ​ដែលជាកម្មករ​នៅ​ស្ទឹង​មានជ័យ​
  • ការបាញ់សម្លាប់ អ្នក​វិភាគ​សង្គម លោក បណ្ឌិត កែម ឡី
  • ការ​វាយតំណាងរាស្រ្ត​បក្ស​ប្រឆាំង​នៅមុខ​មន្ទីររដ្ឋសភា
  • ការប្រើច្បាប់​រឹតបន្តឹង និង​បណ្តេញ​អ្នកនយោបាយ​ចេញពីបក្ស​
  • ការ​ប្រើប្រាស់តុលាការ​
  • ការចាប់ខ្លួន​មេដឹកនាំបក្ស​នយោបាយ​ ។ល។ និង ។ល។
ទាំងអស់នេះ សុទ្ធ​តែធ្វើអោយពលរដ្ឋ​មើល​ឃើញថា កម្ពុជា​ពិត​ជា​អាច រឺ​នឹងអាច​ត្រឡប់​ទៅ​កាន់​ឆ្នាំ​សូន្យ​ម្តង​ទៀត​មែន​។



ប៉ុន្តែ​ សូមធ្វើការ​ដក​ស្រង់​ព្រឹត្តិការណ៌សំខាន់​ៗ​ចាប់​ពីក្រោយ​ឆ្នាំ ១៩៩១ មកម្តង​ទៀត ដើម្បី​ប្រៀបធៀប​អោយប្រាកដ​ថា តើ​កម្ពុជា​អាច រឺ​មិន​អាច​ក្នុងការ​ជាន់ដាន​ប្រវត្តិសាស្រ្ត​ចាស់​របស់​ខ្លួន​នោះ​..៖
  • ក្រោយឆ្នាំ ១៩៩១ កម្ពុជា​ប្រកាន់របប​ប្រជាធិបតេយ្យសេរីពហុបក្ស យក​ការ​បោះ​ឆ្នោត​មក​សម្រេច​ជោគវាសនា​របស់​ប្រទេស​ជាតិ​។
  • ប៉ុន្តែកម្ពុជា​ នៅតែត្រូវ​បាន​ពលរដ្ឋ​របស់ខ្លួន​ចោទប្រកាន់ថា ស្ថិត​នៅក្រោម​អំនាច​របស់​វៀតណាម​ បើទោះ​ជា រូបភាព កងទ័ពវៀតណាម​បានដក​ចេញពីកម្ពុជា​ទៅ​ហើយ​ក្តី​។
  • ឆ្នាំ ១៩៩៣ កម្ពុជា​ចាប់ផ្តើម​ការ​បោះ​ឆ្នោត​របស់ខ្លួន​ជាលើកដំបូង​ក្រោយសន្ធឹសញ្ញា​សន្តិភាព ក្រោម​ការ​ជួយទំនុកបំរុងពីអង្គការសហប្រជា​ជាតិ​។ ប៉ុន្តែ​ការ​ដឹកនាំ​កម្ពុជា​ត្រូវ​ធ្វើ​ឡើង​ក្នុង​ស្តង់ដារ​២ ដែល​ប្រទេស​លើពីភពលោកមិនដែល​មានគឺ មាននាយករដ្ឋមន្ត្រី​២នាក់​ គឺ​លោក ហ៊ុន សែន និង​ព្រះអង្គម្ចាស់​ រណឫទ្ទឺ។ នេះ​ជា​គំនិត​ផ្តួុចផ្តើម​របស់​សម្តេច​សីហនុ ក្នុងការ​បញ្ចៀស​ភ្លើងសង្គ្រាម​នៅកម្ពុជា ដែលកាលនោះ គណបក្ស​ហ្វុនសិនប៉ិច បានឈ្នះ​ក្នុងការ​បោះ​ឆ្នោត​លើកទី​១ និងត្រូវ​ធ្វើជានាយករដ្ឋ​មន្ត្រីទី​១​ ឯគណបក្ស​ប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន​ ត្រូវ​ធ្វើជានាយករដ្ឋ​មន្ត្រីទី​២។
  • ឆ្នាំ ១៩៩៦ កម្ពុជា ត្រូវ​បានបង្រួបបង្រួម។ ខ្មែរគ្រប់ភាគី​ទំលាក់អាវុធ ចុះ​ចេញពីព្រៃ​មក​រួម​ជា​ខ្មែរ​តែមួយ​ ដូច្នេះ​ចាប់ពីពេលនោះ​មក​កម្ពុជា​មិនមាន​ទ័ពព្រៃ​ទៀត​ទេ​។
  • ឆ្នាំ ១៩៩៧ រដ្ឋ​ប្រហារ​ទំលាក់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធឹ​ ត្រូវ​បាន​ធ្វើឡើង ហើយ​ចុង​ក្រោយ​កម្ពុជា​នៅសល់​តែនាយករដ្ឋ​មន្ត្រី​តែម្នាក់​គត់ គឺលោក ហ៊ុន សែន​។ ពេលនោះ កម្ពុជា​ត្រូវ​កាត់ផ្តាច់ទាំងស្រុង​ពី​ទំនាក់ទំនង​ជាមួយ​លោកសេរី ធ្វើអោយកម្ពុជាឯកោ​ និង​គ្មាន​ប្រាក់ចំណូល ប៉ុន្តែ​ក្នុងស្ថានភាព​នោះ ចិន​គឺជា​ប្រទេស​ទី​១​ដែលគាំទ្រ​រដ្ឋ​ប្រហារ​របស់​លោក ហ៊ុន​ សែន និង​បាន​ធ្វើជា​ម្ចាស់ជំនួយ​ថ្មី​មួយ​។ ពេល​នោះ​ហើយ ដែលឥទ្ធិពល​ចិន ចាប់ផ្តើម​មានឡើង​វិញ ចាប់តាំងពីក្រោយការដួលរលំ​នៃ​បក្ស​ពួក​ «ខ្មែរក្រហម​»​។ 
  • ចាប់ពីឆ្នាំ ២០១២ របត់ថ្មីមួយ​នៃ​ពិភពលោក​បានកើត​ឡើង នោះ​គឺការ​រីករាលដាល​​ការ​ធ្វើ​បដិវត្តន៌ពណ៌។ ចំនែក​ស្ថានភាពក្នុងតំបន់វិញ ជម្លោះ​ដែនសមុទ្ទចិន​ខាងត្បូង និង​ជម្លោះ​នៅ​ឧបទ្វីបកូរ៉េ​កាន់តែ​ក្តៅគគុក​។ ក្នុងពេល​នោះ ក្នុងឆ្នាំ ២០១២ កម្ពុជា​ធ្វើជាប្រធាន​អាស៊ាន បាន​បដិសេធ​ការ​ចេញសេចក្តីថ្លែងការ​ប្រឆាំង​ចិន ក្នុងជម្លោះ​ដែន​សមុទ្ធ បើទោះជា​ដៃគូ​ជម្លោះ​ជាមួយចិន​នោះ គឹជា​សមាជិក​របស់ខ្លួនក៏ដោយ​។ រឿង​នេះ បាន​ធ្វើអោយ​វៀតណាម ហ្វីលីពីន មានការមិនសប្បាយចិត្ត​និង​កម្ពុជា​។
  • ការបោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣ ធ្វើអោយរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំ​របស់​លោក ហ៊ុន សែន​ ភ្លឺភ្នែកយ៉ាងខ្លាំង​​ក្រោយពេល​សំលេង​បក្ស​ប្រឆាំង​កើន​ឡើង​គួរ​អោយ​ភ្ញាក់ផ្អើល​។ មាន​មតិ​ឯកជនមួយ​ចំនួន ចេញពីមន្ត្រី​រដ្ឋាភិបាល​ថា ក្នុងការបោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣ ការពិត​សំលេង​ឆ្នោត​ពិតប្រាកដ​គឺគណបក្ស​ប្រឆាំង ដែលមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា​ ជាអ្នកដឹកនាំ បាន​ឈ្នះ​ដាច់ខាត​ទៅ​ហើយ ហេតុ​នេះ​ហើយ ទើបភ្លាម​ៗ​នោះ លោក សម រង្ស៊ី បាន​ចេញសេចក្តីថ្លែងការណ៌​ថា គណបក្ស​សង្គ្រោះជាតិ​របស់​លោកឈ្នះ​ហើយ ប៉ុន្តែមិន​បាន​ប៉ុន្មាននាទី​ផង ស្រាប់​តែ​សេចក្តីថ្លែងការណ៌ថ្មី​មួយ​ទៀត​ចេញ​មកថា «ខ្មែរឈ្នះទាំងអស់គ្នា» ដែល​ផ្ទុយស្រឡះ​ពី​សេចក្តីថ្លែងការណ៌លើកទី​១។ មិនតែប៉ុណ្ណោះ ក្នុងពេល​ដែល​ គ.ជ.ប នៅមិនទាន់​រាប់សន្លឹកឆ្នោតចប់ផង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​បាន​ថ្លែងថា គណបក្ស​ប្រជាជន គឺ​រដ្ឋាភិបាល​បានឈ្នះដោយសំលេង ៦៨ ទល់និង ៥៥  ហើយ​ចុង​ក្រោយ លទ្ធផល​ឆ្នោត​ក៏មាន​ទិន្នន័យដូចគ្នានេះឯង​។
  • ចុងក្រោយ ការទាមទារទ្រង់ទ្រាយធំ​មួយ​បាន​កើត​ឡើង ដោយមានមនុស្សរាប់ស៊ិបម៉ឺន​នាក់​ចេញ​មក​តាមដង​ផ្លូវ​ដើម្បី​ប្រឆាំង​និង​លទ្ធផល​ឆ្នោត​នេះ​ ដោយចោទប្រកាន់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ថា​បាន​លួច​បន្លំ​សំលេង​ឆ្នោត​​។ ក្នុង​ពេលនោះ បាតុកម្ម​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង ប​ង្ករអោយមនុស្ស​ស្លាប់​៤នាក់ របួស ៣៥នាក់ (បាតុករ ២៧នាក់, អាជ្ញាធរ ៨នាក់)។ ចាប់ពីពេលនោះមក ភាពតានតឹង​នយោបាយ នៅកម្ពុជា​ក៏បានកើត​មានឡើង​ ហើយ​ទាំងពីរនាក់ រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​បាន​ដាក់​កំហុស​អោយគ្នា​ទៅវិញ​ទៅ​មក​​លើការទទួលខុសត្រូវ​លើ​អ្នកស្លាប់ និង​បាត់ខ្លួន​ក្នុងពេលកន្លង​មក​។
  • ឆ្នាំ ២០១៧ ប្រធាន​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី ត្រូវបង្ខំចិត្ត​លាលែងពីតំនែង។ លោក កឹម សុខា ត្រូវ​បន្ត​ឡើង​ជាប្រធានគណបក្ស​សង្គ្រោះជាតិ​។ ប៉ុន្តែ​នៅ​ឆ្នាំ​ដដែល​នេះ លោក​ត្រូវ​បាន​ កំលាំង​រដ្ឋាភិបាល​ចាប់ខ្លួន​​នៅក្នុងផ្ទះរបស់លោក នៅយប់រំលង​អាត្រាធ​ ដោយ​ចោទប្រកាន់ពី​បទ «ក្បត់ជាតិ»​។
  • ក្នុងឆ្នាំ ២០១៧ នេះដែរ ស្ថានីយវិទ្យុក្នុងស្រុក និងអន្តរជាតិមួយចំនួន កាសែត​ ឌឺ ខេមបូឌា ដេលី ត្រូវ​បាន​បិទ។
  • ទំនាក់ទំនង​ការទូតរវាងកម្ពុជា​និងអាមេរិក​មាន​ការ​ប្រេះស្រាំ 
  • ទំនាក់ទំនងការទូតជាមួយចិន កាន់តែល្អូកល្អើន បន្ទាប់ពី​កម្ពុជា​ហាក់​ក្លាយជា​ប្រទេស​ឯកោ​ម្តង​ទៀតក្រោយចាប់​ខ្លួន​លោក កឹម សុខា​។
សរុបមក យើង​ឃើញ​ថា គ្មានសញ្ញា​ណាមួយ​ដែល​អាច​រុញ​កម្ពុជា​អោយធ្លាក់ចូល​ទៅក្នុង​ឆ្នាំសូន្យ​ម្តង​ទៀត​បានទេ ពីព្រោះ កម្ពុជា​ពេលនេះ​គ្មានទ័ពព្រៃ​ គឺមាន​តែ​បក្ស​ប្រឆាំង​ដែល​រដ្ឋាភិបាល​ ម្តង​ហើយ​ម្តង​ទៀត បានហៅ​ប្រធានបក្ស​នេះថា ជនក្បត់ជាតិ ចង់ផ្តួលរំលំ​រដ្ឋាភិបាល តាមរយៈ​ការ​ធ្វើបដិវត្តន៌ពណ៌​ ដែល​ប្រការ​នេះ ត្រូវ​បាន​អ្នក​វិភាគ​សង្គម​អះអាងថា ទៅមិនរួច​ទេ​។ ម្យ៉ាង​ទៀត សន្ធិសញ្ញា​សន្តិភាពក្រុង​បារីស គឺជា​ខ្សែចំណង​ចងកម្ពុជា​មិនអោយ​ងាកចេញពី​គន្លង​ប្រជាធិបតេយ្យ បើទោះជា​ពេលវេលានេះកំពុង​តែ​ឃ្លីងឃ្លោង​ក៏ដោយ​ នៅ​គ្រាចុងក្រោយ អន្តរជាតិ ជាពិសេស​ប្រទេស​ជា​ហត្ថលេខី នឹង​ប្រើប្រាស់វា​ដើម្បី​តម្រង់ផ្លូវ​អោយកម្ពុជា​។ និយាយ​រួម បើទោះជា​យើង​មើលឃើញថា ទំនាក់ទំនង​ចិន និងកម្ពុជា​ល្អប្រសើរ ហើយទំនាក់ទំនង​អាមេរិក និងកម្ពុជា មាន​ភាពល្កក់កករ​ក៏ដោយ ក៏នៅមិនទាន់មានសញ្ញា​គ្រោះថ្នាក់ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​នោះទេ​។

ប៉ុន្តែរឿងអ្វីក៏អាចកើតមានបានដែរ... អ្វីដែលសំខាន់នោះគឺ ប្រជាពលរដ្ឋ​គ្រប់រួប​ត្រូវ​តែជា​អ្នក​តាម​ដាន​ ឃ្លាំមើលស្ថានការណ៌​នយោបាយ​ ស្ថានភាព​ប្រទេស​របស់ខ្លួន និង​តាម​ដាន​មេដឹកនាំរបស់ខ្លួន ហើយ​​ប្រើ​ប្រាស់​សិទ្ធឹ​ក្នុង​ការ​បោះឆ្នោត​​​តាម​បែបប្រជាធិបតេយ្យ​ បើសិន​ជា​មើល​ឃើញថា មេដឹកនាំ​ដែលខ្លួន​បាន​ជ្រើសរើស​កន្លង​មក​ធ្វើការ​មិន​ល្អ ធ្វើអោយជាតិ​ចុះខ្សោយ ធ្វើអោយជាតិ​អាម៉ាស់​ក្នុងឆាក​អន្តរជាតិ​ និងធ្វើអោយពលរដ្ឋ​រង​ទុក្ខ​ទោស​ ព្រោះនេះ​ជាអ្វីដែលពលរដ្ឋ​ត្រូវធ្វើ​ដោយ​អហឹង្សា៕

ដោយ ច. សម្បត្តិ

ឯកជនភាព និង​លក្ខន្តិកៈប្រើប្រាស់

រាល់​អត្ថបទ កំណាព្យ អត្ថបទស្រាវ​ជ្រាវ ប្រលោម​លោក និង​ឯកសារ​ដក​ស្រង់​ផ្សេង​ៗ​ ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ប្លុក​នេះ ក្រៅពីអត្ថបទ​ដែល​​ភ្ជាប់​លេខ​យោង​​​ដូច​ជា «ដកស្រង់ពី..., ប្រភព..., ផ្តល់សិទ្ធឹ​ដោយ​...,» ជាដើម​ ត្រូវ​បានរក្សាសិទ្ធឹ​ មិន​អនុញ្ញាតិ​អោយ​មាន​ការ​ចំលង​ផ្សព្វផ្សាយ បោះពុម្ពផ្សាយ រឺ​ធ្វើ​ជា​ប្រធាន​បទ​សម្រាប់​ផល​ប្រយោជន៌​​ឯក​ជន​​ផ្សេង​ៗ​ឡើយ​។ ​រាល់​អត្ថបទ​ កំណាព្យ ប្រលោម​លោក​​ និង​ការសិក្សា​ស្រាវ​ជ្រាវ​ទាំង​អស់​ គឺ​ប្រើ​សម្រាប់​តែ​ការ​សិក្សា កា​រកំសាន្ត​ ចំនេះដឹង​ អប់រំ​ ការ​​ស្វែង​យល់​ជាសាធារណៈ​តែប៉ុណ្ណោះ​។


បើ​សិន​ជា​យើង​ខ្ញុំ​រក​ឃើញថា មាន​ការ​ប្រើប្រាស់​ ការ​លួច​ចំលង ការ​បោះពុម្ពផ្សាយ អត្ថ​បទ​ដូច​គ្នា រឺ​ស្រដៀង​គ្នា ដោយ​ពុំ​មាន​កំណត់​លេខ​យោង​ភ្ជាប់​មក​កាន់​គេហទំព័រ​នេះ​ទេ យើង​ខ្ញុំ​និង​ធ្វើ​តាម​នីតិ​វិធីច្បាប់​កម្មសិទ្ធឹ​បញ្ញា​នៃ​ព្រះរាជាណាចក្រក​ម្ពុជា​។

លោកអ្នក​អាច​ចុះ​ផ្សាយ​បន្ត​បាន​ដរាបណា​ បំពេញ​លក្ខខ័ណ្ឌដូចខាងក្រោម​នេះ..៖
១. បានបិតភ្ជាប់​លេខ​យោង​មក​កាន់ទំព័រ​ដើម​យើង​ខ្ញុំ (តំណរដែលអាចចុច​បាន​)
២. មិន​ធ្វើការ​កែប្រែ ផ្លាស់ប្តូរ អត្ថបទទាំងមូល រឺ​ឈ្មោះអ្នកនិពន្ធ​
៣. សរសេរ​លេខ​យោង​ទាំងនេះ.. «បាន​ដកស្រង់ពីគេហទំព័រ វីគីស្នេហ៌ ចុះ​ផ្សាយ​ថ្ងៃ​ទី​.. ខែ... ឆ្នា...»

លោកអ្នក​អាច​ទំនាក់​ទំនង​មក​កាន់​អ្នក​និពន្ធ​ផ្ទាល់​តាម​រយៈ​អាស័ដ្ឋាន​អ៊ីម៉ែ​ល​ sbkhinfo@gmail.com